ស្ដេចចក្រពត្តិ
ពន្យល់ពាក្យ និង ប្រវត្តិនៃពាក្យចក្រពត្តិ
[កែប្រែ]ពាក្យថា ចក្រពត្តិ (cakkavatti) ជាពាក្យក្នុងភាសាបាលី ត្រូវនឹងពាក្យថា ចក្រវារទិន (Chakravartin/Chakraborty) ឬសរសេរតាមអក្សរភាសាហ៊ិណ្ឌី चक्रवर्ति គឺជាពាក្យប្រើប្រាស់នៅប្រទេសឥណ្ឌាសម័យបុរាណ ដើម្បីនិយាយយោងទៅដល់អ្នកដឹកនាំប្រទេសក្នុងក្តីស្រម័យ (an ideal universal ruler) ម្នាក់ ដែលគ្រប់គ្រងប្រទេសប្រកបដោយគុណធម៌ ។ រាជ្យរបស់ស្តេចចក្រពត្តិត្រូវគេហៅថា សវ៌ភូម (sarvabhauma) ។ នៅក្នុងន័យដើម ពាក្យបន្សំ ចក្រពត្តិ មានន័យថា "កង់របស់ទ្រង់កំពុងវិល (whose wheels are moving)" ពោលគឺ "កង់រទេះរបស់ទ្រង់កំពុងវិលទៅគ្រប់ទិសទីដោយគ្មានឧបសគ្គ (whose chariot is rolling everywhere without obstruction) ។ បើវិភាគតាមន័យម្យ៉ាងទៀត ពាក្យនេះមានន័យថា "កង់រទេះកំពុងវិល" ពោលគឺ "តាមរយៈវា ធម្មចក្រ ដែលជាកង់នៃធម៌ កំពុងបង្វិល" ហើយដែលពុទ្ធសាសនិកជន និង បរិស័ទសាសនាជែន យកទៅប្រើប្រាស់ជាទូទៅ ។
នៅក្នុងពុទ្ធសាសនា និង លទ្ធិជែន មានស្តេចចក្រពត្តិ ៣ ប្រភេទខុសគ្នា ៖
- ចក្រវាល ចក្រពត្តិ (Chakravala Chakraborty) គឺជាស្តេចគ្រងរាជ្យលើទ្វីបទាំង ៤ ដែលមានចែងនៅក្នុងគម្ពីរវេទបុរាណរបស់ឥណ្ឌា
- ទ្វីប ចក្រពត្តិ (Dvipa Chakraborty) គឺជាស្តេចគ្រងរាជ្យលើទ្វីបតែមួយនៃទ្វីបទាំង ៤
- ប្រទេស ចក្រពត្តិ (Pradesa Chakraborty) គឺជាស្តេចគ្រងរាជ្យលើផ្នែកមួយនៃទ្វីបមួយប៉ុណ្ណោះ
ពាក្យថា ចក្រវាល ចក្រពត្តិ ត្រូវបានគេយកទៅប្រើនៅលើប្រាសាទមួយចំនួននៅសម័យកាលនៃចក្រភពមោរ្យា (Maurya Empire) ចន្លោះឆ្នាំ ៣២២ ទៅ ១៨៥ មុនគ្រិស្តសករាជ ដើម្បីឧទ្ទិសទៅដល់មហារាជ ចន្ទ្រគុបតា មោរ្យា (Chandragupta Maurya) និង ចៅរបស់ទ្រង់ គឺព្រះបាទ អសោក មោរ្យា (Ashoka Maurya) ។ ប្រវត្តិសាស្ត្រមិនបានបង្ហាញឲ្យឃើញថា មានគេយកពាក្យនោះទៅប្រើសម្រាប់និយាយសំដៅឈ្មោះរបស់ស្តេចអង្គណាទៀតទេ ។ ពាក្យ ចក្រពត្តិ ក៏ត្រូវបានគេយកទៅប្រើសម្រាប់សម្គាល់តួអង្គព្រះពុទ្ធកាលទ្រង់នៅវ័យកុមារ ពេលដែលព្រាហ្មណ៍ទាំងឡាយថ្លែងពាក្យទស្សន៍ទាយអនាគតរបស់ព្រះសិទ្ធត្ថ គោតម ប្រសិនបើទ្រង់នៅគ្រងរាជ្យ ។ នៅក្នុងគម្ពីរមជ្ឈិមនិកាយ មានសេចក្តីចែងថា ព្រះសិទ្ធត្ថ គោតម ថ្លែងព្រះរាជឱង្ការថា ស្ត្រីមិនអាចក្លាយជាស្តេចចក្រពត្តិទេ ។ ជាទូទៅ ពាក្យ ចក្រពត្តិ អាចយកទៅប្រើបណ្តោះអាសន្នសម្រាប់សម្គាល់ភាពជាស្តេច ឬ មេដឹកនាំប្រទេស ជាពិសេសនៅក្នុងពុទ្ធសាសនា និង លទ្ធិជែន ។ នៅក្នុងលទ្ធិព្រាហ្មណ៍ ពាក្យនេះត្រូវបានគេប្រើសម្រាប់សម្គាល់ស្តេចដ៏មានអំណាចមួយអង្គ ដែលមាននគរនៅលើពិភពលោកទាំងអស់ជាចំណុះ ។
នៅក្នុងគម្ពីរព្រះត្រៃបិដកភាសាបាលី ស្តេចចក្រពត្តិ គឺជាស្តេចគ្រប់គ្រងនគរប្រកបដោយធម៌ ជាក្សត្រមានអំណាច ឈ្នះសង្គ្រាមមានទីបំផុតទល់នឹងសមុទ្រទាំង ៤ មានជនបទដ៏មាំមួន ប្រកបដោយរតនៈ ៧ ប្រការ គឺ ចក្ករ័តន៍ (ចក្រកែវ) ១ ហត្ថីរ័តន៍ (ដំរីកែវ)១ អស្សរ័តន៍ (សេះកែវ)១ មណិរ័តន៍ (កែវមណី)១ ឥត្ថីរ័តន៍(ស្រ្តីកែវ)១ គហបតីរ័តន៍(គហបតីកែវ)១ បរិនាយករ័តន៍(នាយបរិនាយកកែវ) ១ និង ប្រកបដោយឫទ្ធិ ៤ យ៉ាង ។ ព្រះអង្គមានព្រះរាជបុត្រច្រើនជាងពាន់ ជាអ្នកក្លៀវក្លា មានសភាពជាអ្នកព្យាយាម(ក្លាហាន) អាចញំាញីនូវសេនារបស់ស្តេចដទៃបាន ព្រះអង្គគ្របសង្កត់នូវផែនដី មានសាគរជាទីបំផុត ទ្រង់គ្រប់គ្រងដោយធម៌ មិនបាច់ប្រើអាជ្ញា មិនបាច់ប្រើសាស្ត្រាវុធឡើយ។
រតនៈ ៧ ប្រការ
[កែប្រែ]- ចក្ករ័តន៍ ជាទិព្វមានកាំ១ពាន់ ព្រមទាំងខ្នងកង់និងដុំ បរិបូណ៌ដោយអាការទាំងពួង។ ពេលចក្ករ័តន៍នេះទៅដល់ប្រទេសណា ស្តេចចក្រក៏ទៅប្រថាប់ទីនោះព្រមដោយចតុរង្គសេនា(សេនាប្រកបដោយអង្គ៤)។ ពួកស្តេចណាដែលជាសត្រូវក៏បាក់បបខ្លបខ្លាចអំណាច សុំចុះចូល និងសុំអោយស្តេចចក្រគ្រប់គ្រងប្រទេសខ្លួន។
- ហត្ថីរ័តន៍ (ដំរីកែវ) ជាស្តេចដំរីឈ្មោះឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈតូចធំសមរម្យទាំងអស់ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន។
- អស្សរ័តន៍ (សេះកែវ) ជាស្តេចសេះឈ្មោះវលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅរលើប ដូចជាសម្បុរនៃកក្អែក មានសក់សក្បុស ដូចបណ្តូលស្មៅយាប្លង ជាសេះមានឫទ្ធិអាចហោះទៅលើអាកាសបាន។
- មណិរ័តន៍ ជាកែវពិទូរ្យមានជាតិល្អ មានជ្រុង៨ ដែលជាងច្នៃល្អហើយ មានពណ៌ថ្លាស្អាតបរិបូណ៌ដោយអាការគ្រប់យ៉ាង។ មណិរ័តន៍នេះមានពន្លឺផ្សាយទៅបានមួយយោជន៍ជុំវិញ។
- ឥត្ថីរ័តន៍ (ស្រីកែវ) ជាស្ត្រីមានរូបឆោមល្អគួរអោយអ្នកផងពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃលែង មិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើលលែងកន្លងហួសសម្បុរស្រ្តីជាមនុស្ស តែមិនដល់សម្បុរទេវតា។ ឥត្ថីរ័តន៍ មានកាយសម្ផ័ស្សទន់ល្មើយ ដូចជាសំឡីគរ ឬសំឡីកប្បាស។ កាលរដូវត្រជាក់ នាងមានខ្លួនក្តៅ កាលរដូវក្តៅ នាងមានខ្លួនត្រជាក់។ នាងមានក្លិនខ្លឹមចន្ទន៍ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បលផ្សាយចេញអំពីមាត់។ នាងជាស្ត្រីដែលសូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លងស្តេចចក្រជាស្វាមីឡើយ។ ជាស្ត្រីគោរពតួនាទីខ្លួនប្រព្រឹត្តត្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះទ័យរបស់ស្តេចចក្រពត្តិ។
- គហបតីរ័តន៍ មានទិព្វចក្ខុ ដែលកើតពីផលកម្ម អាចមើលឃើញកំណប់ទ្រព្យដែលមានម្ចាស់និងមិនមានម្ចាស់បាន។
- បរិនាយករ័តន៍ (បរិនាយកកែវ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាចជាអ្នកប្រឹក្សាផ្តល់យោបល់ ជួយជ្រោមជ្រែងដល់ស្តេចចក្រពត្តិ។
លក្ខណៈពិសេសរបស់ព្រះចៅចក្រពត្តិ
[កែប្រែ]- ទ្រង់មានរូបឆោមល្អគួរឲ្យអ្នកផងពិតពិលរមិលមើល គួរជ្រះថ្លា ទ្រង់ប្រកបដោយឆវីវណ្ណ ល្អក្រៃលែងជាងមនុស្សទាំងឡាយក្នុងលោកនេះ។
- ព្រះអង្គមានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលជាយូរអង្វែងក្រៃលែងជាងមនុស្សទាំងឡាយ។
- ទ្រង់មិនមានអាពាធ មិនមានទុក្ខប្រកបដោយភ្លើងធាតុ ដែលកើតអំពីកម្មមានវិបាកស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។
- ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃមនុស្ស និង ទេវតា សូម្បីទេវតាក៏នៅក្រែងចិត្ត ។
អានិសង្សផលបុណ្យដែលជួយឲ្យកើតជាព្រះចៅចក្រពត្តិ
[កែប្រែ]- ធ្វើបុណ្យ ធ្វើទាន ដោយចិត្តស្អាត គ្មានប្រាថ្នាអំពើតបស្នង
- ទម: គឺការទូន្មានខ្លួន
- សញ្ញម: គឺការសង្រួមក្នុងសីល
- ជាម្ចាស់បុណ្យកឋិន ឬជាអ្នកដឹកនាំការកសាងវត្ត ព្រះឧបោសថ ព្រះវិហារ ព្រះពុទ្ធរូប ។ល។
- ជាប្រធាននៃការទេសនាធម៌ ការសង្គាយនាព្រះត្រៃបិដក ។ល។
- បូជាចេតិយរបស់ព្រះសម្មាសម្ពុទ្ធ
ឯកសារយោង
[កែប្រែ]ព្រះត្រៃបិដកលេខ ១៧ ទំព័រ ១ ដល់ទំព័រ ៥៩