ឥន្ទរាជា
ពញាព្រែក | |||||
---|---|---|---|---|---|
ព្រះចៅ | |||||
រជ្ជកាល | គ.ស ១៣៨៤ រឺ ១៤១៧ | ||||
រាជ្យមុន | ព្រះបាទបរមសោករាជ រឺ ព្រះបាទធម្មាសោករាជ | ||||
រាជ្យបន្ត | ព្រះបាទស្រីសុរិយោពណ៌ទី២ | ||||
ស្វាមី/មហេសី | ព្រះនាងស៊ីសៈងៀម | ||||
| |||||
សន្តតិវង្ស | ឧទង | ||||
បិតា | ព្រះបាទបរមរាជាទី២ | ||||
ប្រសូត | គ.ស ១៣៥៩ រឺ ១៣៩២ អយុធ្យា | ||||
សុគត | គ.ស ១៣៨៤ រឺ ១៤១៧ មហានគរ |
ព្រះចៅឥន្ទរាជា រឺ ពញាព្រែក រឺ ឥន្ទកុមារ (សំស្ក្រឹត:ឥន្ទ្ររាជា) (គ.ស ១៣៥៩-១៣៨៤ រឺ ១៣៩២-១៤១៧) រជ្ជកាល (គ.ស ១៣៨៤ រឺ ១៤១៧) ទ្រង់ឡើងសោយរាជ្យ នៅមហានគរ ក្នុងឆ្នាំជូត ឆស័ក ព.ស. ១៩២៨, គ.ស. ១៣៨៤ ក្នុងជន្មាយុ ២៥ ឆ្នាំ។ ពញាព្រែក ទ្រង់ព្រះនាមជា សម្ដេចព្រះឥន្ទរាជារាមាធិបតីខ្លះ ហៅថា ព្រះឥន្ទកុមារ។ បើតាមឯកសារមហាបុរខ្មែរ។
ប្រវត្តិ
[កែប្រែ]ការលើកទ័ពមកទន្ទ្រានមហានគរ
[កែប្រែ]ស្ដេចសៀមដែលជាប់ជាកូនចៅរបស់ព្រះរាមេសូរ មានឈ្មោះថា ចៅសោមពញា។ ឯគោរម្យនាមព្រះមហាក្សត្រវិញគឺ ព្រះបរមរាជា (បើតាមអ្នកប្រវត្ដិវិទូឯកទេសខ្លះ គេបានប៉ាន់ស្មានថា ស្ដេចសៀមអង្គនេះ ជាព្រះបរមរាជាទី២ ដែលសោយរាជសម្បត្តិនៅប្រទេសសៀមពីគ.ស ១៤០៤ ដល់ ១៤៤៨ តែចំណោទស្ថិតនៅត្រង់កាលបរិច្ឆេទ ថ្ងៃខែឆ្នាំដែលមិនស្របគ្នា)។ គ្រានោះកងទ័ពសៀមដែលដឹកនាំដោយចៅសោមពញា ឬព្រះបរមរាជាទី២ មានចំនួនដល់ទៅ ១០ ម៉ឺននាក់ ចែកចេញជា៤កងពលធំៗ។ ព្រះអង្គបានចាត់កូនប្រុសព្រះអង្គ ឈ្មោះឥន្ទរាជា ជាមេទ័ពស្រួច។ នៅទីបំផុតកងទ័ពសៀម ព្រះបរមរាជាទី២ បានយកជ័យជំនះលើទ័ពខ្មែរ ហើយបានចូលកាន់កាប់ត្រួតត្រាមហានគរ។ នេះជាលើកទី២ហើយ ដែលសៀមវាយប្រហារឈ្លានពានលុកលុយដណ្ដើមយកបានព្រះមហានគរ (ពង្សាវតារសម្ដេចវាំងជួនបានសរសេរថា មហានគរត្រូវសៀមវាយដណ្ដើមយកបានជាលើកទី២នៅក្នុងគ.ស ១៤១៦។ ចំពោះឯកសារខ្មែរខ្លះទៀត មានពង្សាវតារសម្ដេចសង្ឃនាយកប៉ាន់ និងវត្ដទឹកវិលជាដើម គឺនៅក្នុងគ.ស ១៣៧៣។ ចំណែកឯអ្នកស្រាវជ្រាវអាមេរិកាំង ឈ្មោះ L. P. Briggs មហានគរបានធ្លាក់ទៅក្នុងកណ្ដាប់ដៃសៀមក្នុងគ.ស១៤៣១។ តែអ្នកប្រវត្ដិវិទូម្នាក់ទៀតឈ្មោះ O. W Wolter អះអាងថា នៅក្នុងគ.ស ១៣៨៩)។ ស្ដេចសៀមបង្គាប់ឲ្យប្រមែប្រមូលលួចប្លន់ ដឹកជញ្ជូនយកទ្រព្យសម្បត្តិខ្មែរ មានមាស ប្រាក់ ពេជ្រកែវកងពិទូរ្យសូរ្យកាន្ដ ដែលមានច្រើនឥតឧបមាក្នុងនគរ។ រូបចម្លាក់ជាច្រើន មានព្រះគោ ដែលក្នុងពោះ អ្នកប្រាជ្ញ គ្រូអាចារ្យបាធ្យាយបូរម្យបូរាណខ្មែរ ធ្លាប់បានតម្កល់ទុកនូវព្រះត្រៃបិដក ត្រៃវេទ និងក្បួនគម្ពីរសិល្ប៍សាស្ដ្រវិជ្ជាវេទមន្ដគ្រប់បែបយ៉ាង និងព្រះបដិមាករជាច្រើននៅនគរវត្ដ ក៏ត្រូវស្ដេចសៀមលួចប្លន់ដឹកជញ្ជូនយកទៅក្រុងស្រីអយុធ្យាដែរ។ គ្រួសារខ្មែរជាច្រើនម៉ឺនសែននាក់ ត្រូវសៀមសង្កត់សង្កិនជិះជាន់ ធ្វើបាបវាយដំច្រំធាក់ កាប់ចាក់សម្លាប់ ចាប់ចងដាក់ច្រវាក់ខ្នោះឃ្នាង ចោះត្រចៀកបង្ហូតខ្សែដោតជាជួរ កេណ្ឌកៀរយកទៅធ្វើជាឈ្លើយ ជាទាសាទាសី។ ពញាកែវ និងពញាទ័យ បើតាមពង្សាវតារដែលរៀបចំដោយសម្ដេចសង្ឃនាយកប៉ាន់ និងពង្សាវតារវត្ដទឹកវិល ត្រូវស្ដេចសៀមចាប់ខ្លួន។
កាលយាងទតមហានគរ
[កែប្រែ]មានសម័យថ្ងៃមួយនោះ ព្រះបរមរាជា ជាព្រះបិតានៃព្រះឥន្ទកុមារចេញទតប្រាសាទប្រសើរមហាឋានគ្រប់អន្លើ។ ទ្រង់ឃើញមានប្រាសាទ និង រោងទង ធ្នឹមថែវ ខ្វាត់ខ្វែង ច្រើនជាន់ ច្រើនអន្លើទើបទ្រង់ត្រាស់សួរមន្ត្រីខ្មែរ ថា៖
ព្រះបរមរាជា: ទីនេះ ខ្វាត់ខ្វែង ច្រើនជាន់ ច្រើនអន្លើ តើទីកន្លែងព្រះរាជបុត្រ ឬ ជាទីកន្លែងព្រះអគ្គមហេសី ឬ ជាទីអ្វី?
មន្ត្រីខ្មែរ: ទីនេះ ហៅថា ប្រាសាទមួយរយហាសិបប្រាំ (១៥៥) ល្វែង និង រោងទង រោងជួង ដំណាក់ពិសេស ស្រះស្រង់រងថ្លា សួនច្បារ ផ្កាដំណាំ និង កំពែង ខ្វាត់ខ្វែង ច្រើនថ្នល់ច្រើនថ្នាក់នេះ ជាសម្រាប់ព្រះរាជបុត្រក្សត្រគ្រប់នគរជាចំណុះ ដែលព្រះអង្គតែងយកព្រះរាជបុត្រ ឲ្យមកនៅបម្រើ តាងព្រះអង្គគ្រប់នគរ។
ព្រះបរមរាជាត្រាស់សួរទៀតថា៖
ព្រះបរមរាជា: ប្រាសាទ និង ទីកន្លែងទាំងនេះ កើតពីផែនដីណាមកដល់ផែនដីណា?
មន្ត្រីខ្មែរ : ប្រាសាទនេះ កើតកាលពីផែនដី ព្រះបាទទេវង្សអស្ចារ្យ ដែលទ្រង់មានព្រះហស្ថទិព្វ ទ្រង់ចាប់វត្ថុអ្វី វត្ថុនោះក៏កើតជាមាសប្រាក់ អាចចែកចាយដល់អាណាប្រជានុរាស្ត្រក្នុងព្រះនគរបាន។ បណ្ដាក្សត្រទាំងឡាយ គ្រប់នគរនោះ កាលទ្រង់បានជ្រាបថា ព្រះបាទទេវវង្សអស្ចារ្យ ព្រះអង្គកាន់សីលសោយព្រុត ហើយមានព្រះរាជបុត្រមួយព្រះអង្គ ទ្រង់ព្រះនាម ព្រះកេតុមាលា ដែលជាព្រះរាជបុត្ររបស់ព្រះឥន្ទ្រាធិរាជដែរនោះ ក៏នាំសួយសារអាករមកថ្វាយ ព្រះបាទទេវវង្សអស្ចារ្យ ហើយនាំព្រះរាជបុត្រ របស់ព្រះអង្គគ្រប់ព្រះអង្គ ឲ្យមកនៅគាល់បម្រើ លួងលោមព្រះរាជកុមារ ព្រះកេតុលា គ្រប់ៗនគរ។ អាស្រ័យហេតុនោះហើយ បានជាព្រះទេវាវង្សអស្ចារ្យ ស្ដេចឲ្យសាងប្រាសាទ ថ្វាយព្រះរាជបុត្រ នៃ ស្ដេចចំណុះទាំងនោះគង់នៅ។
ព្រះបរមរាជា សួរតទៅទៀតថា៖
ព្រះបរមរាជា: ក្រឡាបន្ទំ សម្រាប់ព្រះមហាក្សត្រ និង ព្រះរាជបុត្រនោះ នៅត្រង់ណា?
មន្ត្រីខ្មែរ: ព្រះមហាក្សត្រ គង់នៅប្រាសាទបាយ័ន។ ព្រះរាជបុត្រ គង់ក្រសាលនៅប្រាសាទពិមានអាកាស។
ស្ដេចសៀមសួរទៀតថា៖
ព្រះបរមរាជា: កាលព្រះកេតុមាលា ឡើងសោយរាជ្យ នោះព្រះអង្គនៅឯណា?
មន្ត្រីខ្មែរ : កាលព្រះកេតុមាលា ឡើងសោយរាជ្យនោះ ព្រះឥន្ទ្រទ្រង់បញ្ជាឲ្យព្រះវិស្សកម្មទេវបុត្រ ច្យុតមកកើតជា ចៅចិត្រកុមារ ឲ្យធ្វើជាមេជាង ឲ្យទេវតា ៥០០ អង្គ មកកើតជាកូនជាងសាងប្រាសាទនគរតូចថ្វាយគង់ ហើយទ្រង់សាងប្រាសាទ តម្កល់ព្រះខាន់មួយ។ ទ្រង់ឲ្យសាងប្រាសាទមួយទៀត ឈ្មោះហៅថា បឹងមាលា សម្រាប់ស្ដេចគង់លំហើយព្រះគ្រោះ។ ទ្រង់ឲ្យសាងប្រាសាទមួយទៀតឈ្មោះ តាព្រហ្ម សម្រាប់ថ្វាយបង្គំព្រះមានគុណ។ ស្ដេចឲ្យសាងប្រាសាទកោះកែវមួយ ប្រាសាទនគរពិជ័យមួយ។
ស្ដេចសៀមសួរទៀតថា៖
ព្រះបរមរាជា: ស្ដេចដើម ដែលសាងនគរនោះ ទ្រង់ព្រះនាមអ្វី?
មន្ត្រីខ្មែរ: ក្សត្រដើមគេបង្អស់នោះ គឺព្រះបាទកម្ពុជនាគរាជ ព្រះអង្គនិម្មិតថ្វាយព្រះបាទកមេរុរាជ ជារាជសុណិសា។ ក្រោយមកព្រះបាទកមេរុរាជក្រែងអត់ពីព្រះអង្គទៅ នឹងវិនាសបាត់កេរ្តិ៍ព្រះចៅ ទើបទ្រង់ឲ្យសាងប្រាសាទជាថ្មីឡើងវិញ។ ស្ដេចសៀមត្រាស់សួរទៀតថា៖
ព្រះបរមរាជា: ផែនដីណា បង្វែរនគរតូចទៅជាវត្ត? ស្ដេចនោះសាងអ្វីខ្លះ?
មន្ត្រីខ្មែរ: ព្រះមហាក្សត្រ ដែលបានបង្វែរ នគរតូច ទៅជាវត្តនោះ ទ្រង់ព្រះនាមព្រះបាទបទុមសុរិយវង្ស។ ព្រះអង្គនេះ ស្ដេចបានសាងព្រះកែវមរកត ព្រះត្រៃបិដក ចូលមកក្នុងព្រះនគរ ទើបព្រះអង្គបង្វែរប្រាសាទនគរតូចទៅជាវត្តសម្រាប់តម្កល់ព្រះត្រៃបិដក។ ព្រះអង្គឲ្យសាងប្រាសាទមួយទៀត។ សម្រាប់តម្កល់ព្រះកែវមរកត រួចព្រះអង្គស្ដេចទៅជួសជុលព្រះមហានគរ ហើយទ្រង់សាងដំណាក់ភ្នំព្រះសុមេរុ និង សក្ដេបព៌តមួយ សាងស្រះព្រះពិស្ណុការ និង បាណកយក្សមួយ សាងប្រាសាទ និង ព្រះរាជដំណាក់ ព្រះបាទយុតេ និង លំអងរំចេកមួយ។ ប្រាសាទទាំងប៉ុន្មាននេះ សុទ្ធសឹងតែធ្វើដោយថ្ម ល្អប្លែកៗគ្នា ដោយយ៉ាងៗ។
ព្រះបរមរាជា ស្ដេចព្រះរាជដំណើរតទៅទៀត ទ្រង់ទតព្រះនេត្រទៅឃើញប្រាសាទមួយមានគ្រឿងសក្ការបូជាច្រើន ទើបទ្រង់ត្រាស់សួរថា៖
ព្រះបរមរាជា: ទីនេះហេតុអ្វី បានជាមានគ្រឿងសក្ការបូជាច្រើនម៉្លេះ ?
មន្ត្រីខ្មែរ: ទីនេះ ជាទីតម្កល់ព្រះគោ ដែលបញ្ចុះក្បួនតម្រាក្នុងពោះនោះ។
ព្រះបរមរាជា ទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់យល់ថា ស្ដេចខេមរាប្រទេសនេះមាន បុណ្យបារមីណាស់ ទើបទ្រង់ត្រាស់សួរទៀតថា៖
ព្រះបរមរាជា: ស្ដេចដែលថយព្រះតេជានុភាព បណ្ដាលឲ្យគ្មានបុត្រក្សត្រ មកនៅគាល់បម្រើនោះ ពីត្រឹមអង្គណាមក ?
មន្ត្រីខ្មែរ: ពីត្រឹមផែនដី ស្ដេចអាលសោ សេណករាជ រៀងមកដល់ផែនដី ព្រះបរមរាជាជ័យ ព្រះបរមនាថសួស្ដិ។ ពីត្រឹមព្រះបរមរាជាជ័យ ព្រះបរមនាថសួស្ដិរៀងមកទៀត ព្រះមហាក្សត្រនោះ មានតេជានុភាពត្រឹមត្រូវឡើងវិញ ទាល់តែមកដល់សម្ដេចព្រះចៅ មកវាយបែកព្រះនគរ។ ថារបស់សម្រាប់នគរទាំងប៉ុន្មាននេះ សុទ្ធសឹងតែប្រសិទ្ធីធំមាំមួនណាស់។
ព្រះចៅបរមរាជា ទ្រង់ជ្រាបហើយ ទ្រង់ព្រះអំណរណាស់ តមកទ្រង់ត្រាស់ឲ្យមន្ត្រី ៨នាក់ រក្សាព្រះនគរជាមួយនឹងព្រះឥន្ទរាជា ជាព្រះរាជបុត្រ។ ព្រះអង្គឲ្យនិមន្តព្រះពុទ្ធរូបមាស ប្រាក់ សំរិទ្ធិ កែវ រូបព្រះគោ រូបសត្វទីទៃជាច្រើន និង ព្រះសង្ឃសមណៈ ឲ្យនាំយកទាំង ពញាកែវ ពញាទ័យ ជាព្រះរាជបុត្រ នៃព្រះបាទធម្មាសោករាជ និង ទ្រង់ឲ្យកៀរគ្រួខ្មែរ បាន៧ម៉ឺននាក់ ហើយឲ្យលើកទ័ពទៅក្រុងស្រីអយុធ្យាវិញ។ ព្រះឥន្ទរាជា នៅគ្រប់គ្រងកម្ពុជា ស៊ើបបានព្រះខាន់ និង គ្រឿងព្រះបញ្ចក្សេត្រហើយ ទ្រង់គិតនឹងឲ្យនាំយកទៅស្រុកសៀម។ ខណៈនោះ ក៏បង្កើតជាអស្ចារ្យ មហារាយោ ព្យុះធំ រងំខ្ទ័រ ផ្គរ អសនីបាញ់គ្រប់ទិស។ ក្នុងរាត្រីយប់នោះ ស្ដេចផ្ទំស្កល់ទៅ ទ្រង់សុបិនឃើញថា ព្រះមហាក្សត្រខ្មែរ អំពីបូរាណមក មកឈរពីលើក្រឡាព្រះបន្ទំ របស់ព្រះអង្គ ហើយត្រាស់កំហែងថា បើឯងយកព្រះខាន់នេះទៅ ខ្លួនឯងនឹងស្លាប់ ដោយឫទ្ធិអាវុធ ព្រះខាន់នេះពុំខានឡើយ។ ហេតុនេះហើយ បានជាស្ដេចសៀមខាននាំព្រះខាន់ នឹងគ្រឿងបញ្ចក្សត្រទៅស្រុកសៀម ដោយខ្លាចព្រះតេជៈ នៃព្រះមហាក្សត្រអំពីបូរាណ។
ការឡើងគ្រងរាជ្យនៅមហានគរ
[កែប្រែ]កាលបើយកជ័យជំនះលើប្រទេសខ្មែរ និងកាន់ក្ដាប់ព្រះមហានគរបានហើយ នៅក្នុងឆ្នាំរកាដដែល ស្ដេចសៀមព្រះបរមរាជាទី២ ក៏តែងតាំងអភិសេកកូនប្រុសព្រះឥន្ទរាជា ជាព្រះមហាក្សត្រសៀមគ្រប់គ្រង ត្រួតត្រា មើលការខុសត្រូវលើប្រទេសកម្ពុជា។ កាលនោះព្រះអង្គបានព្រះជន្ម ២៥ វស្សា។ ព្រះឥន្ទរាជា បានខំស៊ើបរកវត្ថុស័ក្ដិសិទ្ធជាច្រើនទៀត ដូចជា ព្រះខ័នរាជ្យ និងបញ្ចក្សត្រជាដើម ដើម្បីដឹកជញ្ជូនយកទៅស្រុកសៀម។ គោលបំណងសៀម ដើរលួចប្លន់ប្រទេសខ្មែរ បានធ្វើឲ្យវត្ថុស័ក្ដិសិទ្ធទាំងឡាយ មានការក្ដៅក្រហាយ បង្កបង្កើតឲ្យមានអភូតហេតុ ដ៏សែនអស្ចារ្យកើតចេញជាភ្លៀងខ្យល់ព្យុះសង្ឃរាបោកបក់ខ្លាំងក្លាទៅ លើគ្រប់ទិសទី លាយឡំទៅដោយផ្គររន្ទះបាញ់លាន់ឮកងរំពងពេញអស់នភាល័យ គួរឲ្យតក់ស្លុតរន្ធត់អនេកកប្បការ អស់រយពេលច្រើនយប់ច្រើនថ្ងៃ។ យប់មួយ កំពុងតែនិទ្រាលង់លក់ ស្ដេចសៀមព្រះឥន្ទរាជា យល់សប្ដឃើញព្រះមហាក្សត្រខ្មែរមួយអង្គជំនាន់ដើម យាងមកឈរចំលើក្បាលដំណេក ព្រមានថា ព្រះអង្គនឹងមកយកជីវិតជាមិនខាន។ ស្ដេចសៀមភ្ញាក់ដឹងខ្លួនកាលណា ភ័យញាប់ញ័រតក្កមា សឹងលែងហ៊ាននៅក្នុងព្រះបរមរាជវាំងមហានគរ។
ការធ្វើគត
[កែប្រែ]ទោះបីជាសៀមបានជ័យជំនះលើខ្មែរ កាន់កាប់មហានគរ និងខេត្ដខណ្ឌខ្មែរមួយភាគក៏ដោយ ក៏សៀមមិនទាន់បង្ក្រាបខ្មែរបានទាំងអស់ដែរ។ មិនទាន់បានប៉ុន្មានខែផង ភាពរំជើបរំជួលបះបោរតស៊ូរំដោះជាតិ បានផ្ទុះកើតមានឡើងនៅគ្រប់ទិសទីក្នុងប្រទេស ប្រឆាំងនឹងវត្ដមានសៀម។ គ្រានោះ មេទ័ពជំនិតរបស់ព្រះអង្គពីរនាក់ ម៉ឺនពៅ និងម៉ឺនពេជ្រ ដែលត្រូវជាបងប្អូនបង្កើត បានស្ម័គ្រចិត្ដ នាំគ្នាទៅក្រាបថ្វាយបង្គំព្រះចៅពញាយ៉ាត សុំសេចក្ដីអនុញ្ញាត ដើម្បីទៅលួចធ្វើឃាតស្ដេចសៀម។ មុននឹងចេញទៅបំពេញបេសកកម្ម មេទ័ពខ្មែរដ៏ក្លាហានទាំងពីរ បានជ្រើសរើសសេនាខ្លាំងពូកែមាឌធំមាំមួនហើយរហ័សរហួនដប់នាក់ទៀតយក ទៅជាមួយ។ បន្ទាប់មកម៉ឺនពៅ និងម៉ឺនពេជ្រ នាំពលសេនាទាំងដប់នាក់ទៅសុំគាល់ ចុះចូលបម្រើស្ដេចសៀម។ ស្ដេចសៀមឥន្ទរាជា ឮសូរដូច្នេះ សប្បាយចិត្ដណាស់ ពីព្រោះជាងបីខែហើយ ដែលខ្លួនបានមកសោយរាជ្យត្រួតត្រាកាន់កាប់ស្រុកខ្មែរ ពុំទាន់ដែលមានមេទ័ព ឬមន្ដ្រីខ្មែរណាម្នាក់ បានចុះចូលចំណុះសុំយកជីវិតមកបម្រើសោះឡើយ។ ស្ដេចសៀមបញ្ជាឲ្យក្រុមបរិវារ យកខោអាវកំណាត់ល្អប្រណិត មកប្រទានជូនជារង្វាន់ លើកទឹកចិត្ដអ្នកទាំងដប់ពីរនាក់។ ម៉ឺនពៅ និងម៉ឺនពេជ្រ ដែលកំពុងតែក្រាថ្វាយបង្គំស្ដេចសៀម ចេះតែលួចរំកិលខិតចូលទៅជិតស្ដេចឥន្ទរាជា បន្ដិចម្ដងៗជាលំដាប់។ គ្រាន់តែចូលទៅដល់កៀកជិតភ្លាមកាលណា មេទ័ពខ្មែរទាំងពីររូប ក៏ស្ទុះងើបស្រឡើង លូកកញ្ឆក់យកកាំបិតស្នៀតដែលលាក់បង្កប់ក្នុងផ្នួងសក់ ចាក់បុកបូសចំដើមទ្រូងស្ដេចសៀម។ មួយកាំបិតទៀត ចាក់ចំត្រូវធ្លាយពោះខាងស្ដាំ។ គ្រាន់តែខំស្រែកហៅ កងអាមាត្យការពារ ឲ្យចូលមកជួយចប់កាលណា ស្ដេចសៀមព្រះឥន្ទរាជា ក៏ដួលដេកដាច់ខ្យល់អស់អាយុ ក្នុងថ្លុកឈាម មួយរំពេចភ្លាមនោះដែរ។ ពលទាហានសៀមជាច្រើន រត់ចេញពីគ្រប់ទិសទី ឡោមព័ទ្ធស្ទាក់វាយប្រហារអ្នកស្ម័គ្រចិត្ដខ្មែរពីមុខពីក្រោយ។ អ្នកក្លាហានខ្មែរទាំង១២នាក់ ដែលគ្មានគ្រឿងអាវុធជាប់នឹងខ្លួនបានឆក់យកព្រះខ័នស្ដេចសៀម មកកាប់ចាក់ដណ្ដើមយកដាវលំពែងអង្គរក្សសៀម ហើយប្រយុទ្ធការពារប្រឈមមុខតតាំងសម្លាប់សត្រូវបានជាងមួយរយនាក់។ តែនៅទីបំផុត ដោយអស់កម្លាំងខ្លាំងពេក ហើយដោយកងទ័ពសៀមមានគ្នាច្រើនលើសលប់ផង មេទ័ពខ្មែរម៉ឺនពៅ ម៉ឺនពេជ្រ និងយុទ្ធជនស្ម័គ្រចិត្ដខ្មែរដប់នាក់ទៀតត្រូវបូជាជីវិតក្រោម ផ្លែដាវកាំបិតលំពែងសៀមក្នុងពេលនោះទៅ។
ការដណ្ដើមមហានគរមកវិញ
[កែប្រែ]ឯសម្ដេចចៅពញាយ៉ាត ជាក្សត្រខត្តិយវង្ស ដែលស្ដេចទ្រង់ចេញរួចពីចំណោមសៀមហើយរត់ចាកព្រះនគរទៅនោះ ព្រះអង្គទៅតាំងបញ្ចុះបញ្ចូលមន្ត្រីរាស្ត្របានជាច្រើន។ ទ្រង់ព្រះចិន្តា រកទីជ័យភូមិ ដែលនឹងតាំងជាក្បួនទ័ព សព្វទីកន្លែង តែមិនបានសោះ។ ក្រោយមកទ្រង់ឃើញថា ស្រុកកោះបាសាន "ស្រីសន្ធរ" សព្វថ្ងៃនេះ មានជ័យភូមិល្អ គួរឲ្យតាំងជាបន្ទាយមាំមួនបាន។ ទ្រង់ជ្រាបថា កាលព្រះបាទគម្ដែង អញប្រដាញ់រាជបក្សីចាំក្រុង ក៏ស្ដេចមកតាំងព្រះអង្គនៅស្រុកនេះដែរ។
លុះមន្ត្រីគ្រប់ក្រុម យល់ព្រមហើយ ស្ដេចក៏លើកទ័ពទៅតាំងបន្ទាយជាមាំមួន នៅខេត្តកោះបាសាននោះ។ ឯអស់អាណាប្រជានុរាស្ត្រ ខេត្តក្រៅទាំងប៉ុន្មាន ដែលបានឮដំណឹងថា សម្ដេចចៅពញាយ៉ាត ស្ដេចយាងមកតាំងទីបន្ទាយ នៅខេត្តកោះបាសានហើយ ក៏នាំគ្នាមកចុះចូលគ្រប់ៗខេត្ត។ ចំណេរខាងក្រោយមក ព្រះបរមបពិត្រ ស្ដេចត្រាស់ប្រឹក្សា រកមនុស្សឯណាឲ្យបន្លំចូលទៅនៅធ្វើជាខ្ញុំរាជការ ព្រះឥន្ទរាជា "ស្ដេចសៀម" ដើម្បីនឹងគិតការលុកស្ដេចសៀមនោះឲ្យបាន។
ខណៈនោះ មានអាមាត្យពីរនាក់ ឈ្មោះ ពេជ្រ ១ ពៅ ១ ជាបងប្អូនបង្កើតនឹងគ្នា កាលបានឮព្រះតម្រាស់នេះហើយ ក៏ចូលថ្វាយបង្គំសុំខ្លួនទទួលអាសា ធ្វើការថ្វាយតាមបន្ទាល់។ សម្ដេចចៅពញាយ៉ាត ទ្រង់មានព្រះអំណរណាស់ ទើបទ្រង់ចាត់ប្រើទៅ អាមាត្យទាំងពីរនាក់ក៏ថ្វាយបង្គំលា នាំស្ម័គ្រប័ក្សពួក ១០នាក់ ចូលទៅដល់មហានគរ។ ដល់ហើយ ក៏រកពឹងមន្ត្រីសៀម ឲ្យនាំខ្លួនទាំងពីរនាក់ និង ស្ម័គ្រប័ក្សពួក១០នាក់ទៀត ជា១២នាក់នោះ ឡើងក្រាបបង្គំទូលថា : ខ្មែរទាំង ១២នាក់នេះ មានចិត្តសាពិភ័ក្ដិ (សាពិភ័ក្ដិ = ការត្រឡប់សះសានឹងគ្នា ហើយទំនុកបំរុងគ្នាទៅ។ ឧ.- មនុស្សពីរនាក់នេះពីដើមទាស់គ្នា ឥឡូវវាមានសាពិភ័ក្ដិ នឹងគ្នាវិញហើយ។ ស្ម័គ្រមកសុំចូលធ្វើរាជការ ស្នងព្រះតេជគុណលុះអស់ជីវិតរៀងៗខ្លួន។ ព្រះឥន្ជរាជា ពេលនោះស្ដេចកំពុងប្រថាប់នៅមុខប្រាសាទ លើថ្ម ជាទីកណ្ដាលវាល លុះទ្រង់បានព្រះសណ្ដាប់ពាក្យនេះហើយ ក៏សព្វព្រះទ័យណាស់ ទើបត្រាស់ថា: តាំងអំពីយើងមកឈរស្រុកខ្មែរនេះ ជិត៣ខែហើយ គ្មានឈ្មោះណាឡើយស្ម័គ្រចិត្តចូលមកនៅផង។ ទើបតែថ្ងៃនេះ យើងឃើញចៅទាំង ១២នាក់ មកសាពិភ័ក្ដិជាមុនគេ គួរយើងឲ្យរង្វាន់ចៅ ឲ្យដល់ចិត្ត។ ទ្រង់ត្រាស់ហើយ ទ្រង់ព្រះសម្រួល បង្គាប់មុខងារព្រះឃ្លាំង ឲ្យយកសំពត់ខោអាវ មកប្រទាន។ ឯនាយមហាមាត្រទាំងពីរនាក់ ពេលនោះក៏ក្រាប ថ្វាយបង្គំខិតចូលទៅជិត ហើយហូតកាំបិតស្នៀត ដែលចងនៅផ្នួងសក់នោះ ស្ទុះទៅចាក់ ព្រះឥន្ទរាជា ត្រូវព្រះឱរាមួយកាំបិត។ ព្រះចៅឥន្ទរាជា ស្រែកថាឲ្យចាប់ បានតែមួយព្រះឱស្ឋប៉ុណ្ណោះ ក៏ដួលចុះហើយ សុគត ក្នុងឆ្នាំរោង បញ្ចស័កនោះទៅ។ ខណៈនោះ អស់ពួកទាហាន រក្សាព្រះអង្គ ស្ទុះព្រមគ្នាចូលចោមចាប់ កាប់សម្លាប់មហាមាត្យពីរនាក់ និង ស្ម័គ្រប័ក្សពួក ១០នាក់នោះ។ មហាមាត្យទាំង ១២នាក់ ក៏ស្ទុះទៅចាប់យកព្រះសែង និង គ្រឿងអាវុធ ពីក្រុមរក្សាព្រះអង្គនោះ ចូលតដៃប្រថុយជីវិត កាប់សម្លាប់មន្ត្រី និងសេនាទាហានសៀមបានប្រមាណមួយរកប្លាយនាក់។ មហាមាត្យទាំង ១២នាក់នោះ រោយដៃអស់កម្លាំង ដោយហេតុថាទាហានសៀមច្រើន លើសលប់កម្លាំងពេក និង តស៊ូទៅទៀតពុំបាន សៀមក៏សម្លាប់ទាំង ១២នាក់នោះក្នុងខណៈនោះទៅ។ មន្ត្រីសៀមទាំងនោះ ក៏រៀបចំព្រះសពដាក់ក្នុងព្រះកោដ្ឋស្រេច ចាត់ឲ្យបម្រើទៅក្រាបទូល ព្រះចៅក្រុងស្រីអយុធ្យា តាមផ្លូវរាជការ។
ចៅពញាយ៉ាត ដែលត្រៀមខ្លួនចាំនៅក្រៅមហានគរ ហើយដែលចាំតែឱកាសដ៏ល្អនេះក៏ចាប់ផ្ដើមបញ្ជាកងទ័ពទាហានពលរេហ៍ ទាំងអស់ ឲ្យបើកការវាយលុក សម្រុកចូលក្នុងព្រះរាជធានី។ គ្រានោះនៅក្នុងទីក្រុង ប្រជាពលរដ្ឋ និងពលសេនាខ្មែរទាំងប៉ុន្មាន ដែលស្ថិតនៅក្រោមការត្រួតត្រាសៀម ក៏បានបះបោរងើបឡើងស្រស្រុះគ្នា ជួយវាយផ្ទប់សម្លាប់កងទ័ពសៀមបច្ចាមិត្ដពីក្រោយខ្នង យកបានជ័យជំនះឈ្នះ អាចបើកទ្វារមហានគរគ្រប់ទិសទី ទទួលទ័ពខ្មែររំដោះរបស់ព្រះចៅពញាយ៉ាត។ ទ័ពខ្មែរចូលដល់ក្នុងមហានគរ កាប់សម្លាប់កម្ទេចកងពលយោធាសៀមបានអស់ជាច្រើន។ សៀមមួយចំនួនធំទៀត ត្រូវខ្មែរចាប់ធ្វើជាឈ្លើយ។ ព្រះមហានគរត្រូវរំដោះបានរួចចេញពីកណ្ដាប់ដៃសៀមដោយសារស្នាដៃ ព្រះចៅពញាយ៉ាត។
ព្រះចៅពញាយ៉ាត ក៏យាងចូលទៅដល់ក្នុងព្រះបរមរាជវាំង បានជួបប្រទះឃើញស្ដ្រីម្នាក់ ដ៏សែនល្អស្អាតស្រស់បំព្រង មានសម្ផស្សស័ក្ដិសមបវរល្អឥតខ្ចោះ នឹងរកស្រីឯណាមកប្រៀបផ្ទឹមពុំបាន កំពុងតែអង្គុយយំសោកសង្រេង ភ័យរន្ធត់តែម្នាក់ឯង។ ព្រះអង្គទ្រង់មានបន្ទូលសាកសួរ ចង់ដឹងចង់យល់តាមដំណើរ។ នាងក្រាបថ្វាយបង្គំព្រះអង្គ ហើយរៀបរាប់ទូលថ្វាយបញ្ជាក់ថានាងឈ្មោះស៊ីសៈងៀម ត្រូវជាកូនរបស់ ឃុនទ្រង់ព្រះឥន្ទ។ ឪពុកនាងត្រូវជាបងប្អូនជីដូនមួយនឹងពញាតេជោ នៅក្រុងទេពស្រីអយុធ្យា។ ស្ដេចសៀមព្រះឥន្ទរាជា ដែលត្រូវជាបងជីដូនមួយ បានតែងតាំងព្រះនាងជាមហេសី ហើយនាំព្រះនាងយកមកនៅស្រុកខ្មែរជាមួយ។ ដោយដឹងថាព្រះនាងមានជាប់ឈាមជ័រក្រសែក្សត្រ ហើយដោយមិនអាចទ្រាំទ្រនឹងសម្រស់រូបឆោមលោមពណ៌ល្អត្រកាលរបស់ព្រះនាងបាន ដោយមិនអាចទប់ចិត្ដ មិនអាចទប់អារម្មណ៍ មិនអាចទប់មនោសញ្ចេតនាមិនឲ្យជាប់ជំពាក់ចិត្ដ ស្រឡាញ់ព្រះនាងស៊ីសៈងៀមបាន ព្រះចៅពញាយ៉ាតក៏បានតែងតាំងព្រះនាងជាស្នំឯកចាប់ពីថ្ងៃនោះមក។
ឯកសារយោង
[កែប្រែ]- ប្រវត្តិសាស្ត្រខ្មែរភាគរឿងនិទាន ដោយលោកបណ្ឌិតសភាចារ្យ រស់ ចន្ទ្រាបុត្រ
- ឯកសារមហាបុរសខ្មែរ
គោរម្យងារសំរាប់រាជ្យ | ||
---|---|---|
មុនដោយ ព្រះបាទបរមសោករាជ រឺ ព្រះបាទធម្មាសោករាជ |
ព្រះចៅនៃមហានគរ គ.ស ១៣៨៤ រឺ ១៤១៧ |
តដោយ ព្រះបាទស្រីសុរិយោពណ៌ទី២ |