មាត់
( ន. ) មុខទ្វារ, គឺរង្វះនៅត្រង់មុខ សម្រាប់បញ្ចេញវាចា, សម្រាប់បរិភោគ, ផឹក, ស្រូប : ហាមាត់, បិទមាត់ ។ ប្រឡោះ, ក្បែរ, ហាម, ខាង, ជាយខាង : មាត់ច្រក, មាត់ច្រាំង, មាត់ឆ្នាំង, មាត់ទន្លេ, មាត់ទឹក, មាត់ទ្វារ, មាត់ពាម, មាត់ព្រៃ, មាត់សមុទ្រ ។ល។ កិ. និយាយឮៗ, និយាយខ្លាំងៗ, និយាយឮៗ ដោយឥតរបប : មាត់កកោក ឬ មាត់កោកៗ, មាត់រអែករអោក, ហាមក្មេងកុំឲ្យមាត់ ...។ កុំមាត់ ! ស្ងៀម !, កុំនិយាយគ្នា ! ។ កុំមាត់ឮពេក ! កុំនិយាយឮពេក ! ។ មាត់ក ឈ្មោះប្រកែកគ្នាបន្តិចបន្តួច, ជជែកទាល់ពាក្យសម្ដីគ្នារអែករអោកបន្តិចបន្តួច ។ មាត់ខិល ឬ ខិលមាត់ ដែលខិលខាងនិយាយលេងសើចឥតបើគិត : មនុស្សមាត់ខិល ។ មាត់ចាបមាត់ព្រាប សម្ដីដែលអ្នកផងនិយាយដោយឮតៗគ្នាពុំប្រាកដ, សម្ដីរាត់រាយផ្ដេសផ្ដាស (ព. ទ. បុ.) ។ មាត់ច្រើន ឬ មាត់តិច ដែលមានចំនួនមនុស្សច្រើនឬតិចនៅបរិភោគអាហារក្នុងបន្ទុកមួយ : ផ្ទះអ្នកមាត់តិចសមគួរ, ផ្ទះខ្ញុំមាត់ច្រើនណាស់ ។ មាត់ឆៅ ដែលស្ដីថាឆ្អិនៗឆៅៗ គឺដែលហ៊ានស្ដីថាឲ្យគេម៉ាំងៗឥតមានសំចៃ : មនុស្សមាត់ឆៅ (ព. ប្រ.) ។ មាត់ជិត ឬ មាត់គត់ ឬក៏ មាត់មានគម្រប មាត់ជិតល្អ ការណ៍អ្វីមិនគួរនិយាយ មិននិយាយ ។ មាត់ដាច ឬ មាត់ឥតគម្រប មាត់បិទមិនជិត ការណ៍ដែលមិនគួរនិយាយក៏ចេះតែនិយាយប្រាប់គេដែរច្រើនតែបំផ្លើសពន្លើសផងទៀត ។ ម. ព. មួយក្លាយជាដប់ ទៀតផង ។ មាត់ទទេថា, និយាយ, សូត្រឥតមើលអក្សរឬឥតមានអក្សរនៅមុខ : ថាមាត់ទទេ, ទេស្នាមាត់ទទេ, សូត្រមាត់ទទេ, និយាយមាត់ទទេ (និយាយផ្ទាល់មាត់ឥតមានសំបុត្រ) ។ មាត់ធំ ស្ដីឬឆ្លើយឆ្លងខ្ជាំងៗ; និយាយថា : មាត់ធំមាត់តូច ឬ មាត់តូចមាត់ធំ ក៏មាន គឺស្ដីថាឬឆ្លើយឆ្លងតិចៗខ្លាំងៗ ។ មាត់ពាក្យ ការជជែកប្រកែកគ្នាតឹងសម្ដីរកខុសរកត្រូវ ឬការនិយាយថានាយថាអាយដោយយល់ទាស់ : ត្រូវប្រឹក្សាគ្នាឲ្យស្រេចទៅ កុំឲ្យមានមាត់មានពាក្យទៅខាងមុខ ។ មាត់រឥល ឬ រឥលមាត់ ដែលទប់មាត់មិនសូវបាន, ច្រើនរបូតមាត់និយាយតាមតែប្រទះ : មនុស្សមាត់រឥល (ព. ប្រ.)។ មាត់រឹង ដែលមានសម្ដីរឹង, ចចេស, ពូកែឆ្លើយឆ្លងមិនងាយព្រមទទួលខុស : មនុស្សមាត់រឹង ។ មាត់ស៊ីអំបិលព្រហក់ សម្ដីមនុស្សមិនចេះទាយដែលទាយថាដោយស្មាន ក៏ស្រាប់តែត្រូវដូចមាត់ថាពុំមានល្អៀង (ព. ទ. បុ.) ។ មាត់អណ្ដើក ឃែតទទេឥតបានអ្វី (ព. ទ. ប.) ។ មាត់អាក្រក់ ដែលមានសម្ដីអាក្រក់ គឺសម្ដីទ្រគោះច្រឡោះបោះខ្មោះខ្មួរទៅរកអ្នកដទៃ : មនុស្សមាត់អាក្រក់ ។ មាត់ឥតគ្រប ដែលនិយាយបើកចំហរតាមតែរួចពីមាត់ មិនលាក់មិនសំចៃទុក : មនុស្សមាត់ឥតគ្រប (ព. ប្រ.) ។ ខុសមាត់ និយាយស្ដីឲ្យខុសត្រណមឬខុសពីពាក្យប្ដេជ្ញា ។ ខូចមាត់ ដែលខូចខាងការស្ដីថាឲ្យគេឥតបើគិត : មនុស្សខូចមាត់ ។ ខាំមាត់ ខាំបបូរមាត់ផ្អឹបជិត ។ ព. ប្រ. ដែលទន់ឬជ្រាយហើយបែរជាហាប់ណែនគាំង : ដីហាប់ខាំមាត់, ម្សៅខាំមាត់ ។ ខាំមាត់សង្កត់ចិត្ត, ខាំមាត់ទប់កំហឹង, ខាំមាត់សង្កត់មិនឲ្យសេចក្ដីក្រោធស្ទុះឡើងបាន : ខំប្រឹងខាំមាត់សង្កត់ចិត្ត ។ ខ្ពុរមាត់ បៀមទឹកអង្រង់គ្រលុកៗ ក្នុងមាត់ (ម. ព. ខ្ពុរ ផង) ។ ខ្មាសមាត់ ឬអៀនមាត់ ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀន ឬបញ្ចេញវាចារួចទៅហើយ ក៏នឹកខ្មាសអៀនជាខាងក្រោយ ។ ងាយមាត់ ដែលងាយស្ដីឲ្យគេ, ដែលងាយថាឥតបើគិតពីខុសពីត្រូវ : មនុស្សងាយមាត់ ។ ងាស់មាត់ ងាស់សម្ដី, គាំងរឹងមាត់ថាមិនកើត ។ ចាប់មាត់ ដែលមានរសឆ្ងាញ់ពិសាត្រូវមាត់, ដែលឆ្ងាញ់ឆ្អិត : អាហារមិនចាប់មាត់, ឆ្ងាញ់ចាប់មាត់ ។ ចាំមាត់ ចាំថាមាត់ទទេបានមិនបាច់មើលអក្សរ : ទន្ទេញចាំមាត់, ចាំមាត់សូត្របាន ។ ឆ្ងាញ់មាត់ ដឹងរសឆ្ងាញ់ ឬទទួលរសឆ្ងាញ់ដោយមាត់ ។ ឆ្ងាញ់ជាប់មាត់ ឆ្ងាញ់ឆ្អិតជាប់ចិត្តមិនចង់លែងបរិភោគ ។ ឆ្អាបមាត់ មាត់ដែលធុំក្លិនឆ្អាប, ក្លិនឆ្អាបដែលមាននៅមាត់ ។ បាបមិនឆ្អាបមាត់ ធ្វើគេឲ្យវិនាសហើយខ្លួនឥតបានទ្រព្យធនឬប្រយោជន៍អ្វីតិចតួចឡើយ បានតែបាប (ព. ទ. បុ.) ។ ជាន់មាត់ មកឋិតត្រង់មាត់នាំមាត់ឲ្យថា : ដូចជាមានទេវតាមកជាន់មាត់ឲ្យថា (ព. ប្រ.) ។ ជាប់មាត់ កំពុងជាប់និយាយមិនទាន់អស់មិនទាន់ហើយ : កំពុងនិយាយជាប់មាត់ ។ ជូរមាត់ មានក្លិនជូរក្នុងមាត់ ។ ជ្រលួសមាត់ ជ្រលួសពាក្យសម្ដី ។ ជ្រុលមាត់ ជ្រុលសម្ដី ។ ជ្រេញមាត់ ទ្រាន់មាត់មិនចង់និយាយពីដំណើរនុះទៀត ព្រោះបាននិយាយច្រើនដងហើយមិនកើតការ (ព. ប្រ.) ។ ឈ្លេមមាត់ មានរសឈ្លេមក្នុងមាត់ ។ ញញើតមាត់ ញញើតមិនហ៊ានហើបមាត់និយាយព្រោះខ្លាចអំណាចឬខ្លាចចិត្ត ។ ញ័រមាត់ ញ័រញាក់មាត់ព្រោះខឹងខ្លាំងឬព្រោះខ្លាចខ្លាំង : ខឹងញ័រមាត់, និយាយញ័រមាត់ ។ ញ័រមាត់ញ័រក ញ័រទាំងមាត់ញ័រទាំងក ។ ញាប់មាត់ បញ្ចេញវាចាយ៉ាងញាប់ : និយាយញាប់មាត់; ជេរញាប់មាត់ស្អេក ។ តមមាត់ តមឬប្រកាន់មិនស្ដីរកគ្នា (ម. ព. តម ផង) ។ ត្រីមាត់ ត្រីបង្ហើបមាត់ឡើងពីក្នុងទឹកមានលាន់ឮសូរផង ។ ត្រូវមាត់ ដែលមានរសឆ្ងាញ់គាប់នឹងមាត់, ចាប់មាត់ : អាហារត្រូវមាត់ ។ ត្រូវគេស្ដីថាឲ្យ, ត្រូវគេបន្ទោស : ទាល់តែត្រូវមាត់មួយម៉ាត់ពីរទៅទើបស្ងៀមឈឹង ។ ត្រូវមាត់គ្នា, ត្រូវមាត់ត្រូវកគ្នា ឬ ត្រូវមាត់ត្រូវពាក្យគ្នា ដែលនិយាយត្រូវពាក្យសម្ដីគ្នា យល់ឃើញជាមួយគ្នា, មានគំនិតត្រូវគ្នា ។ ថ្នឹកមាត់ ស៊ាំមាត់, រត់មាត់ ។ ទក់មាត់ ថ្នឹកមាត់ (ព. ប្រ.) ។ ទន់មាត់ ងាយថា មិនទើសទាក់, មិនរអាក់រអួល, មិនទាស់មាត់ ។ ទប់មាត់ ឃាតមាត់ គឺរៀបនឹងនិយាយតែទប់ទាន់មិនចេញថា ។ ទាល់មាត់ ទើសទាល់រកនិយាយមិនកើតព្រោះខ្លាចចិត្តឬព្រោះយោគយល់ ។ ទាស់មាត់ ទាស់ខ្យល់សម្ដីថាពុំច្បាស់លាស់ ។ ទាស់មាត់ទាស់ពាក្យគ្នា ឈ្លោះប្រកែកដោយទាស់សម្ដីគ្នា ។ ទុកមាត់ពុំស្ងៀម ឬ នៅមាត់ពុំស្ងៀម ទប់មាត់ឲ្យនៅស្ងៀមខាននិយាយពុំបាន ។ ទើសមាត់ ឬ ទើសមាត់ទើសក ស្ដីថាមិនកើតព្រោះទើសនាយទើសអាយ (ព. ប្រ.) ទំនេរមាត់ មាត់នៅស្ងៀមមិនបញ្ចេញវាចា, ស្ងៀមមាត់ ។ ធុំមាត់ ធុំក្លិនអាក្រក់ពីមាត់ ។ ធ្ងន់មាត់ ស្ដីថាឲ្យធ្ងន់ៗខ្លាំងៗ ឬនិយាយច្រើនដង ។ ធ្លាប់មាត់ ថ្នឹកមាត់, ថាតាមទម្លាប់ដែលថ្នឹក ។ នឿយមាត់ រួយមាត់ឬលំបាកមាត់ ព្រោះនិយាយច្រើន ។ នាំមាត់ បណ្ដាលឲ្យចេញមាត់ថាទៅលើពាក្យផ្សេងៗ, បណ្ដាលឲ្យនិយាយទៅលើដំណើរផ្សេងៗដោយឥតមានបំណង ។ បាក់មាត់ ស៊ប់មាត់, ស៊ាំមាត់, រត់មាត់ (ព. ប្រ.) ។ បាត់មាត់ ឬ បាត់មាត់បាត់ក ស្ងៀមឈឹងលែងហើបហាចេញស្ដី ។ ស្វៀមស្ដូកស្ដឹង ដោយមានជំងឺដាបខ្លាំង ឬដោយមានជំងឺគ្រុនសន្ធំ ។ បាត់មាត់ ! ស្ងៀម ! ឬ ស្ងៀមទៅ ! (ពាក្យសម្រាប់គំរាមកូនក្មេងឲ្យស្ងៀមលែងយំ) ។ បានមាត់បានក ឬ បានមាត់បានពាក្យ ដែលចេះសម្ដីថ្វីមាត់ថានេះថានោះ សម្រួលកិច្ចការឲ្យងាយធ្វើងាយកើត ឬដែលមានពាក្យសម្ដីរួសរ៉ាវរាក់ទាក់ ។ បានតែមាត់ បានតែខាងថា ប៉ុន្តែយកជាការពុំកើត ។ បិទមាត់, បិទមាត់បិទក ឬ បំបិទមាត់ និយាយបំភ័យ ឬសូកប៉ាន់ឲ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ (ព. ប្រ.) ។ បិទមាត់ត្រឡប់ភ្នែក កំហែងគំរាមបន្លំបំបិទមាត់ ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឲ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ (ព. ទ. បុ.) ។ បូញមាត់, បូញមាត់បត់ដៃ (ម. ព. បូញ) ។ បំបាត់មាត់ ឬ បំបិទមាត់ ដូចគ្នានឹង បិទមាត់ ឬ បិទមាត់បិទក ដែរ ។ ផ្ទាល់មាត់ ផ្ទាល់មាត់និងមាត់ : និយាយផ្ទាល់មាត់ (ម. ព. ផ្ទាល់ ផង) ។ ផ្អែមមាត់ (ម. ព. ផ្អែម) ។ ពុលមាត់ ដែលនិយាយបែកសាមិនឈប់មាត់ ឬដែលនិយាយច្រើនដល់បែកពពុះមាត់ : និយាយពុលមាត់, ស្ដីថាឲ្យពុលមាត់ (ព.ប្រ.) ។ ពេញមាត់, ស៊ប់មាត់, មិនញញើតមាត់ : ស្ដីថាពេញមាត់ ។ ពេបមាត់ឲ្យ ឬ ពេបមាត់ពេបក ពេបមាត់ឲ្យដោយរិះគន់ ឬដោយចំអកឡកឲ្យ ព្រោះមើលងាយ ។ ភ្លាត់មាត់ ជ្រលួសឬរបូតសម្ដីដោយភ្លាត់ភ្លាំង ឬក៏លាន់មាត់ដោយភ្លាត់ ។ មូលមាត់គ្នា មូលពាក្យសម្ដីគ្នា, និយាយត្រូវមាត់ត្រូវពាក្យហើយព្រមព្រៀងគ្នា ។ យកមាត់យកពាក្យ ព្រមយកតាមពាក្យសម្ដី, ជឿស្ដាប់យកតាមពាក្យសម្ដី ។ យន់មាត់ រួយមាត់ឬនឿយមាត់ ព្រោះនិយាយច្រើនហួសកម្លាំង ។ យឺតមាត់ ឬ យឺតមាត់យឺតក ដែលយឺតក្រស្ដីនិយាយ ឬដែលនិយាយយឺតៗរង្វើលៗបាត់ម្ដងៗ ។ រត់មាត់ ដែលចាំស្ទាត់អាចថារួសរាន់បានឥតទាក់ (ហាក់ដូចគេរត់) : ទន្ទេញចាំរត់មាត់ (ព. ប្រ.) ។ របូតមាត់ ចេញសម្ដីជ្រុលថាទៅដោយឥតបើគិត ដូចជារបូតពីមាត់ (ព. ប្រ.)។ រពឹសមាត់ ហៃបញ្ចេញវាចាមិនសូវស្ងៀមមាត់, ទុកមាត់មិនស្ងៀម (ព. ប្រ.) ។ រមាស់មាត់ ឬ រហ័សមាត់រហ័សក ឆាប់និយាយឆាប់ស្ដីមិនដំអក់ឬដែលមានវាចារួសរាន់ទាន់ការ ។ រឹងមាត់ ងាស់មាត់ ។ រួយមាត់ នឿយមាត់ព្រោះនិយាយឬថាដដែលៗ ។ រួសមាត់ ឬ រួសមាត់រួសក រហ័សមាត់រួសរ៉ាវមិនឆ្មើងកន្ទ្រើង ។ លាន់មាត់ លាន់ចេញវាចាដោយដំណើរប្លែកចិត្ត ។ ល្មមមាត់ ដែលចេះតែល្មមនឹងមាត់ ចង់ថាអ្វីក៏ថាតាមចិត្តឥតមានគិតពីខុសត្រូវ : មនុស្សល្មមមាត់ ។ ល្មមមាត់ឈ្លានពាន ដែលចេះតែល្មមមាត់ស្ដីថាឥតក្រែងរអែងច្បាប់ (ព. កា.) : ទឹកបាក់ទៅទាប បុណ្យបាត់ដ្បិតបាប លាភបាត់ដ្បិតឃោរ ទឹកថ្លាដ្បិតរលក ពុំយល់ស្រមោល ទោសកើតដ្បិតពោល ល្មមមាត់ឈ្លានពាន ។ (សាស្ត្រាច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។ វក់មាត់ បញ្ចេញវាចាប៉ប៉ាច់ប៉ប៉ោចឥតស្រាក, ថាមិនឈប់មាត់ ។ ស៊ប់មាត់ ស្និទ្ធមាត់, មិនញញើតមាត់ ។ សាបមាត់ ភ្នកនឹកចង់បរិភោគមមៃ; ភ្នកនឹកមមៃចង់បរិភោគអាហារមានរសប្រៃឬជូរ (ច្រើនតែមនុស្សដែលទើបនឹងងើបពីឈឺ) ។ ស៊ុនមាត់ ជ្រុលមាត់, ជ្រុលសម្ដី, លង់សម្ដី ។ ស៊ាំមាត់ ថ្នឹកមាត់ ។ ស្ងាត់មាត់ ស្ងាត់មិនមានសូរសម្ដី ។ ស្ងៀមមាត់ នៅស្ងៀមមិនបញ្ចេញវាចា ។ ស្លាប់ព្រោះមាត់ ព្រោះតែមាត់រឥលប៉ប្លូចក៏ខូចវិនាសដល់ស្លាប់ខ្លួន ដូចពួកត្រីកំភ្លាញលាញព្រោះតែមាត់កក្អិចដូចបាយពុះ មនុស្សគេជញ្ជាត់យកមកធ្វើជាអាហារ ។ ព. កា. ថា : កំភ្លាញស្លាប់ព្រោះមាត់ គេជញ្ជាត់ អស់រលីង ពុំនោះដូចសត្វហ៊ីង និងកង្កែបបែបគ្នាដែរ ។ ស្អុយមាត់ ធុំមាត់ស្អុយពីក្នុងមាត់ ។ អស់ពីមាត់ ដែលនិយាយលះ, អស់អាថ៌សេចក្ដី : និយាយមិនអស់ពីមាត់ ។ ឮមាត់ ឮសូរបញ្ចេញវាចា ។ ឮមាត់ឮក ឮសូរឈ្លោះទាស់ទែងគ្នារអែករអោកបន្តិចបន្តួច ។ ឮមាត់ឮពាក្យ ឮសូរសម្ដីរិះគន់បន្ទោសឬនិយាយដើម, ត្មះតិះដៀល ។ល។