អាណាចក្រខ្មែរ
ទំព័រគំរូ:Infobox Former Countryសុតសុភក្រ្ត័
កម្វុជទេឝ (អានថា:កាំវុជៈទេស)រឺ សម័យអង្គរ គឺជាសម័យកាលមួយ ដែលកម្ពុជាគឺជាអាណាចក្រមួយនៅក្នុងចំណោមអាណាចក្រដែលមានឥទ្ធិពលបំផុតនៅអាស៊ីអាគ្នេយ៍ ដោយបានលូតលាស់ចេញពីអតីតនគរកម្វុជ(ចេនឡា)។ ក្នុងកំឡុងពេលមួយនៃសម័យនេះដែរ អាណាចក្រខែ្មរបានគ្រប់គ្រងដោយផ្ទាល់់ និងដាក់់ជាចំណុះ លើប៉៉ែកធំនៃអាស៊ីអាគ្នេយ៍៍ដីគោក ដោយរួមបញ្ចូលនូវទឹកដីនៃប្រទេស លាវ ថៃ វៀតណាម និងមីយ៉ាន់ម៉ា បច្ចុប្បន្ន និងផ្នែកមួយនៃចិនភាគខាងត្បូង។[១] កេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតមួយរបស់អាណាចក្រនេះគឺតំបន់់អង្គរ ដែលជារាជធានីនៃយុគមាស នៃកម្វុជទេឝ។ ប្រាសាទបុរាណដូចជាអង្គរវត្ត និងបាយ័នជាភស្តុតាងនៃភាពស្ដុកស្ដម្ភនិងឥទ្ធិពលដ៏មហិមានៃអាណាចក្រខ្មែរ ការរីកចម្រើនលើសិល្បៈ វប្បធម៌ និងស្ថាបត្យកម្ម ក៏ដូចជា ជំនឿនិងសាសនាផ្សេងៗដែលត្រូវបានលើកស្ទួយកាលពីរជ្ជកាលមួយទៅរជ្ជកាលមួយ។ សាសនាផ្លូវការរបស់អាណាចក្រនេះរួមមានព្រហ្មញ្ញសាសនា និង ពុទ្ធសាសនាមហាយាន ក្រោយមកព្រះពុទ្ធសាសនាថេរវាទត្រូវបានគេផ្សព្វផ្សាយយ៉ាងទូលំទូលាយ ក្នុងចំណោមវណ្ណៈជាន់ទាប បន្ទាប់ពីថេរវាទត្រូវបាននាំចូលមកពីស្រីលង្កាមកនៅក្នុងសតវត្សទី១៣។[២] តាមការស្រាវជ្រាវដោយប្រើផ្កាយរណប បានបង្ហាញថាអង្គរគឺជាតំបន់ប្រមូលផ្ដុំទីប្រជុំជនធំបំផុតលើពិភពលោក មុនសម័យឧស្សាហកម្ម។[៣]
ប្រវត្តិលេខន៍
[កែប្រែ]ប្រវត្តិនៃតំបន់អង្គរធ្លាប់ជាផ្ទៃដីកណ្ដាលនៃអាណាចក្រកម្វុជទេឝក្នុងប្រវត្តិសាស្ត ហើយក៏ជាសម័យកាលប្រវត្តិសាស្ត្ររបស់ខ្មែរចាប់ពីសតវត្សទី៩ដល់ទី១៣ដែរ។[៤]
ពួកអ្នកនិពន្ធអារ៉ាប់វែកញែកពីអឺរ៉ុបនៅសតវត្សទី៩និងទី១០ស្ទើរតែគ្មានចន្លោះចំពោះអ្វីៗជាច្រើនលើសពីភាពអន់ថយរបស់អឺរ៉ុប ប៉ុន្តែអ្នកទាំងនោះក៏បានចាត់ទុកថាស្ដេចអាល់-ហិណ្ឌ (ឥណ្ឌា និង អាស៊ីអាគ្នេយ៍) ជាស្ដេចមួយអង្គក្នុងចំណោមស្ដេចធំៗទាំង៤អង្គលើលោក។[៥] អ្នកដឹកនាំនៃរាជវង្សរាស្ត្រកូដត្រូវបានគេពិពណ៌នាថាជាស្ដេចធំបង្អស់នៃអាល់ហិណ្ឌ ប៉ុន្តែបន្ថែមពីនោះ ពួកស្ដេចដែលតូចៗជាងអាល់ហិណ្ឌរួមមានស្ដេច ជ្វា ភូមានៃបាកាន និង ស្ដេចខ្មែរត្រូវបានពិពណ៌នាជានិច្ចដោយពួកអារ៉ាប់ថាជាស្ដេចដែលមានអំណាចក្រៃលែង និងមានកងទ័ព មនុស្ស សេះ ដ៏ច្រើនសន្ធឹកសន្ធាប់ និងជាញឹកញយមានទ័ពដំរីរាប់ពាន់ក្បាល។ បណ្ដាស្ដេចទាំងនេះត្រូវបានស្គាល់ដោយសារភាពស្ដុកស្ដម្ភនៃមាសប្រាក់ដ៏ច្រើនក្រាស់ក្រែល។[៦]
ចេញមកពីកម្វុជ - និងមកពីតំបន់អង្គរដូចគ្នា - គ្មានកំណត់ត្រាដែលបាននៅគង់វង្សក្រៅតែពីសិលាចារឹកទេ។ ដូច្នេះហើយចំណេះដឹងថ្មីៗអំពីអរិយធម៌ខ្មែរតាមរយៈប្រវត្តិសាស្ត្រត្រូវទាញចេញតាំងពីដើមមកពី៖
- កំណាយបុរាណវត្ថុ ការកសាងឡើងវិញនិងការអង្កេតតាមដាន
- សិលាចារឹក (សំខាន់បំផុតគឺសិលាចារឹកគ្រឹះនៃប្រាសាទមួយចំនួន)ដែលរៀបរាប់អំពីសកម្មភាពសាសនានិងនយោបាយរបស់ស្ដេច
- ចំលាក់លៀនជាច្រើននៅបន្តគ្នាលើជញ្ជាំងប្រាសាទរួមជាមួយនឹងការពិពណ៌នាអំពី ក្បួនទ័ព ជីវិតនៅក្នុងរាជវាំង ទិដ្ឋភាពទីផ្សារ និង ជីវភាពប្រចាំថ្ងៃនៃប្រជាជនផងដែរ
- របាយការណ៍និងកាលប្បវត្តិនៃអ្នកការទូត ពាណិជ្ជករ និង អ្នកដំណើរចិន។
ការចាប់ផ្ដើមសម័យអាណាចក្រខ្មែរត្រូវបានគេសន្មតចុះកាលបរិច្ឆេទនៅឆ្នាំ ៨០២ គ.ស.។ នៅឆ្នាំនោះ ព្រះបាទជយវម៌្មទី២បានប្រកាសខ្លួនថាជាចក្រវរ្តិន៑ (ស្ដេចនៃលោក រឺ ស្ដេចនៃស្ដេច) នៅលើភ្នំគូលែន។
ប្រវត្តិសាស្ត្រ
[កែប្រែ]ការបង្កើត និង ការរីកចំរើន
[កែប្រែ]ជយវម៌្មទី២ - ស្ថាបនិកអង្គរ
[កែប្រែ]ទិន្នន័យដំបូងអំពីព្រះបាទជយវម៌្មទី២បានមកពីសិលាចារឹក K.២៣៥នៅលើគោលចារឹកមួយនៅប្រាសាទស្ដុកកក់ធំ តំបន់ឦសាន ប្រទេសថៃ។ ដោយចុះកាលបរិច្ឆេទ ១០៥៣ គ.ស. ត្រូវបានគេរាប់ត្រឡប់ទៅពីរសតវត្សកន្លះវិញនៃការបំរើរបស់សមាជិកគ្រួសារស្ថាបនាប្រាសាទរហូតដល់រាជវាំងខ្មែរដ៏សំខាន់ជាអគ្គបព្វជិតនៃសាសនាព្រហ្មញ្ញខាងគណៈសិវ។[៧]
តាមរយៈការពិពណ៌នាដ៏វែងឆ្ងាយ ព្រះបាទជយវម៌្មទី២ត្រូវគេសន្មតថាជាព្រះអង្គម្ចាស់មួយអង្គដែលបានរស់នៅរាជវាំងនៃរាជវង្សសៃលេន្ទ្រនៅប្រទេសជ្វា (ឥណ្ឌូណេស៊ីសម័យសព្វថ្ងៃនេះ) ហើយបាននាំមកស្រុកកំណើតវិញនូវសិល្បៈនិងវប្បធម៌នៃរាជវាំងសៃលេន្ទ្រជ្វាមកកាន់កម្វុជទេឝវិញ។[៨] ទ្រឹស្ដីបុរាណនេះគឺត្រូវបានរំលឹកឡើងវិញដោយពួកអ្នកប្រាជ្ញសម័យថ្មីនេះ ដូចជាលោកក្លូដ-ហ្សាក់ (Claude Jacques)[៩] និងលោកម៉ៃខឺល-វីខ្ខឺរី (Michael Vickery) ដែលបានកត់សំគាល់ថាខ្មែរបានហៅថា ជ្វា គឺជាពួកចាម ប្រទេសជិតខាងរបស់ខ្លួនទៅវិញទេ។[១០] លើសពីនេះទៅទៀត ជីវិតនយោបាយរបស់ព្រះបាទជយវម៌្មបានចាប់ផ្ដើមនៅវ្យាធបុរ (ប្រហែលជាបន្ទាយព្រៃនគរ) នៅកម្ពុជាភាគខាងកើត ដែលបង្កើតឲ្យមានទំនាក់ទំនងរយៈពេលយ៉ាងយូរជាមួយពួកនោះ (ត្បិតនៅមានការប្រទាញប្រទង់គ្នា ដូចដែរសិលាចារឹកមួយចំនួនបានលើកឡើង) ច្រើនជាងការគង់នៅយ៉ាងយូរនៅជ្វាដ៏ឆ្ងាយនោះទៅទៀត។[១១] នៅទីបញ្ចប់ ប្រាសាទបុរាណៗជាច្រើននៅលើភ្នំគូលែនបង្ហាញនូវឥទ្ធិពលចាម (ឧ.ប្រាសាទដំរីក្រាប) និងជ្វា (ឧ.ប្រាសាទភ្នំដើមដំបូង គឺប្រាសាទអារាមរោងចិន និង ប្រាសាទថ្មដាប់) ទោះបីយ៉ាងណា ការរៀបចំខុសប្លែករបស់ប្រាសាទហាក់បីដូចជាតាមបែបផែនខ្មែរ។[១២]
បន្ទាប់ពី ព្រះអង្គនៅទីបញ្ចប់បានត្រឡប់មកប្រទេសកំណើតរបស់ព្រះអង្គវិញ អតីតនគរកម្វុជ ព្រះអង្គភ្លាមៗក៏បានកសាងឥទ្ធិពលរបស់ទ្រង់ ដោយធ្វើសញ្ជ័យជាបន្តបន្ទាប់នឹងស្ដេចដែលកំពុងប្រណាំងប្រជែងនឹងទ្រង់ ហើយនៅឆ្នាំ ៧៩០ គ.ស. ព្រះអង្គបានក្លាយជាព្រះមហាក្សត្រនៃនគរមួយហៅថា កម្វុជទេឝ របស់ជាតិខ្មែរ។ នៅប៉ុន្មានឆ្នាំជាបន្តបន្ទាប់ ព្រះអង្គបានពង្រីកទឹកដីរបស់ទ្រង់និងទីបញ្ចប់បានបង្កើតឡើងរាជធានីថ្មីរបស់ទ្រង់ នៅហរិហរាល័យក្បែរទីប្រជុំជនមួយនៅរលួសក្នុងប្រទេសខ្មែរ។ ដោយហេតុនេះហើយទើបទ្រង់បានពង្រីកវិសាលភាពការស្ថាបនាអង្គរ ដែលចាប់ពីប្រមាណ ១៥ គ.ម. ទៅទិសពាយព្យ។ នៅឆ្នាំ ៨០២ ទ្រង់បានប្រកាសព្រះអង្គឯងថាជាចក្រវរ្តិន៑ នៅក្នុងក្បួនរីត៍ដែលយកតាមប្រពៃណីឥណ្ឌា។ ដោយហេតុនេះហើយទ្រង់មិនត្រឹមតែបានតែងតាំងដោយទេវៈប៉ុណ្ណោះទេ និងក៏ជាអ្នកដឹកនាំដែលគ្មានគូប្រៀប ក៏ប៉ុន្តែក្នុងពេលដំណាលគ្នាដែរ ទ្រង់ក៏បានប្រកាសឯករាជ្យព្រះនគររបស់ព្រះអង្គពីជ្វាផងដែរ។ ព្រះបាទជយវម៌្មទី២បានសោយទិវង្គតនៅឆ្នាំ ៨៣៤ នៃ គ.ស ហើយព្រះអង្គត្រូវបានស្នងរាជ្យបន្តដោយព្រះបុត្រាព្រះអង្គ ព្រះបាទជយវម៌្មទី៤។[១៣] ព្រះបាទជយវម៌្មទី៤បានសោយទិវង្គតនៅឆ្នាំ ៨៧៧ នៃ គ.ស ហើយត្រូវបានស្នងរាជ្យបន្តដោយព្រះបាទឥន្ទ្រវម៌្មទី១។
យសោធរបុរៈ - ទីក្រុងអង្គរទីមួយ
[កែប្រែ]ស្ដេចសោយរាជ្យបន្តបន្ទាប់ពីព្រះបាទជយវម៌្មទី២បានពង្រីកទឹកដីកម្ពុជាជាបន្តបន្ទាប់។ ព្រះបាទឥន្ទ្រវម៌្មទី១ (រជ្ជកាល គ.ស ៨៧៧-៨៨៩) បានចាត់ចែងពង្រីកនគរដោយគ្មានសឹកសង្គ្រាម ហើយព្រះអង្គបានចាប់ផ្ដើមគំរោងសំណង់ដ៏ស្កឹមស្កៃ អរគុណចំពោះភោគទ្រព្យដែលបានមកតាមរយៈពាណិជ្ជកម្ម និង កសិកម្ម។ ជាបឋមគឺប្រាសាទព្រះគោនិងស្នាព្រះហស្ថប្រព័ន្ធធារាសាស្ត្រ។ ព្រះអង្គត្រូវបានស្នងរាជ្យបន្ដដោយព្រះរាជបុត្ររបស់ព្រះអង្គ យសោវម៌្មទី១ (សោយរាជ្យ គ.ស ៨៨៩-៩១៥) បានបង្កើតរាជធានីថ្មី យសោធរបុរ ទីក្រុងដំបូងនៃអង្គរ។
ប្រាសាទកណ្ដាលទីក្រុងត្រូវសាងឡើងនៅលើភ្នំបាខែង កូនភ្នំដែលផុសឡើង ៦០ ម លើវាលទំនាបដែលតាំងនៅអង្គរ។ ក្រោមការដឹកនាំរបស់ព្រះបាទយសោវម៌្មទី១ បារាយណ៍ខាងកើតក៏ត្រូវបានបង្កើតឡើងផងដែរ គឺជាអាងទឹកដ៏ធំ ៧,៥ គុណនឹង ១,៨ គ.ម។
ចាប់ផ្ដើមនៃសតវត្សទី១០ នគរបានបែកបាក់ផ្ទៃក្នុង។ ព្រះបាទជយវម៌្មទី៥បានបង្កើតរាជធានីថ្មីនៅឆោកគគីរ (លិង្គបុរ) នៅចំងាយ ១០០ គ.ម បន្តិចនៅភាគឦសាននៃអង្គរ។ មានតែព្រះបាទរាជេន្ទ្រវម៌្មទី២មួយអង្គទេ (សោយរាជ្យ៩៤៤-៩៦៨ គ.ស) ដែលបានរើរាជវាំងត្រឡប់ទៅយសោធរបុរៈវិញ។ ព្រះអង្គបានបង្កើតគ្រោងការសំណង់ដ៏ស្កឹមស្កៃម្ដងទៀតក្នុងចំណោមស្ដេចដំបូងៗទាំងនោះ និងបានសាងប្រាសាទជាបន្តបន្ទាប់នៅតំបន់អង្គរ មិនត្រឹមតែមេបុណ្យខាងកើត នៅលើកោះមួយនៅចំកណ្ដាលនៃបារាយណ៍ខាងកើតនោះទេ ប្រាសាទពុទ្ធនិយមនិងវត្តជាច្រើនក៏បានកសាងឡើងផងដែរ។ នៅឆ្នាំ ៩៥០ នៃ គ.ស សង្គ្រាមលើកទីមួយ បានកើតមានឡើងរវាងកម្ពុជា និងនគរចាម្ប៉ានៅភាគខាងកើត (នៅវៀតណាមកណ្ដាលសម័យទំនើបនេះ)។
ចាប់ពីឆ្នាំគ.ស ៩៦៨ ដល់ ១០០១ ត្រូវបានបន្តទៅឱ្យព្រះរាជបុត្រនៃព្រះបាទរាជេន្ទ្រវម៌្មទី២គឺព្រះបាទជយវម៌្មទី៦។ បន្ទាប់ពីព្រះអង្គបានតែងតាំងព្រះអង្គឯងក្លាយជាស្ដេចថ្មីលើព្រះអង្គម្ចាស់ដទៃៗមក ការគ្រប់គ្រងរបស់ព្រះអង្គគឺជាសម័យកាលមានសន្តិភាពយ៉ាងខ្លាំង ដែលបានកត់សំគាល់ដោយភាពរុងរឿង និងការរីកស្គុះស្គាយនៃវប្បធម៌។ ព្រះអង្គបានបង្កើតរាជធានីថ្មីក្បែរយសោធរបុរ ជយេន្ទ្រនគរី។ នៅក្នុងរាជវាំងនៃព្រះបាទជយវម៌្មទី៦ មានពួកទស្សនវិទូ អ្នកប្រាជ្ញបណ្ឌិត និងសិល្បកររស់នៅ។ ប្រាសាទថ្មីៗក៏ត្រូវបានគេកសាងផងដែរ៖ ប្រាសាទដែលសំខាន់ទាំងនោះគឺបន្ទាយស្រី ត្រូវបានចាត់ទុកថាជាប្រាសាទមួយនៅអង្គរស្រស់ស្អាតនិងវិចិត្របំផុត និងប្រាសាទតាកែវ គឺជាប្រាសាទសម័យអង្គរដំបូងទីមួយដែលបានសាងសង់រួចរាល់ដោយថ្មភក់។ ជំលោះមួយទសវត្សបានបន្ត បន្ទាប់ពីការសោយទិវង្គតរបស់ព្រះបាទជយវម៌្មទី៦។ ពួកស្ដេចដែលបានសោយរាជ្យបន្តបានត្រឹមតែរយៈពេលពីរបីឆ្នាំ គឺត្រូវបានប្ដូរចេញដោយអំពើហិង្សាជាបន្តបន្ទាប់ដោយអ្នកស្នងរាជ្យរបស់ព្រះអង្គរហូតនៅទីបំផុត ព្រះបាទសូរ្យវម៌្មទី១ (សោយរាជ្យគ.ស ១០១០-១០៥០) បានទទួលបានរាជ្យបល្លង្ក។ ក្រោមការដឹកនាំរបស់ព្រះអង្គត្រូវបានកត់សំគាល់ដោយការប៉ុនប៉ងដដែលៗ ដោយពួកសត្រូវរបស់ព្រះអង្គដើម្បីផ្ដួលរំលំព្រះអង្គ តាមរយៈការសញ្ជ័យយោធាជាច្រើនលើក។ នៅភាគខាងលិច ព្រះអង្គបានពង្រីកនគរទៅកាន់លវបុរីស្ថិតក្នុងប្រទេសថៃសព្វថ្ងៃនេះ នៅភាគខាងត្បូងទៅដល់បួរដីក្រៈ។ នៅអង្គរ សំណង់នៃបារាយណ៍ខាងលិចបានចាប់ផ្ដើមក្រោមការដឹកនាំរបស់ព្រះបាទសូរ្យវម៌្មទី១ ជាអាងទឹកដ៏ធំទីពីរ (៨ គុណនឹង ២.២ គ.ម) បន្ទាប់ពីបារាយណ៍ខាងកើត។ គ្មាននរណាម្នាក់ដឹងថាតើព្រះអង្គមានបុត្រ រឺក៏ ព្រះមហេសីទេ។
យុគមាស
[កែប្រែ]សូរ្យវម៌្មទី២ - អង្គរវត្ត
[កែប្រែ]សតវត្សទី១១គឺជាសម័យកាលនៃជំលោះនិងការដណ្ដើមអំណាចគ្នាយ៉ាងឃោរឃៅ។ មានតែព្រះបាទសូរ្យវម៌្មទី២មួយអង្គគត់ (សោយរាជ្យ ១១១៣-១១៥០) ដែលធ្វើឱ្យនគរបានបង្រួបបង្រួមផ្ទៃក្នុងប្រទេសនិងបានពង្រីកទឹកដីទៅក្រៅប្រទេស។ ក្រោមការដឹកនាំរបស់ទ្រង់ ប្រាសាទដ៏ធំបំផុតនៅអង្គរត្រូវបានសាងសង់ឡើងក្នុងរយៈកាល ៣៧ ឆ្នាំ៖ អង្គរវត្ត ឧទ្ទិសដល់ព្រះវិស្ណុ។ ព្រះបាទសូរ្យវម៌្មទី២ បានសញ្ជ័យនគរមនហរិបុញ្ជ័យនៅខាងលិច (ប្រទេសថៃកណ្ដាលសព្វថ្ងៃនេះ) និងតំបន់ភាគខាងលិចសែនឆ្ងាយដល់ព្រំដែននគរបាកាន (ភូមាសម័យទំនើប) នៅប៉ែកខាងត្បូងដល់ទៀបកោះម៉ាឡេ (ស្ទើរកោះម៉ាឡេ) ចុះមកដល់នគរក្រហិ (ដែលប្រហែលត្រូវគ្នានឹងចង្វាតនគរស្រីធម្មរាជ ថៃសម័យទំនើប) នៅខាងកើតបណ្ដាខេត្តភាគច្រើននៃចាម្ប៉ា និងប្រទេសមួយចំនួននៅភាគខាងជើងរហូតដល់ព្រំដែនភាគខាងត្បូងនៃលាវសម័យទំនើប។ ព្រះបាទសូរ្យវម៌្មទី២បានបញ្ជូនគណៈប្រតិភូមួយទៅកាន់រាជវង្សចោលនៅឥណ្ឌាភាគខាងត្បូង និងបានថ្វាយថ្មមានតំលៃដល់មហារាជកុលោត្តុង្គចោលទី១នៅ គ.ស ១១១៤។[១៤] ការសោយទិវង្គតរបស់ព្រះបាទសូរ្យវម៌្មទី២នៅតែស្រពិចស្រពិលនៅឡើយ។ សិលាចារឹកចុងក្រោយបង្អស់ បានរំលឹកដល់ព្រះនាមរបស់ព្រះអង្គក្នុងការជាប់ទាក់ទងជាមួយការលុកលុយយួនដែលបានរៀបចំតាមផែនការរួចហើយ គឺចាប់ពីឆ្នាំ ១១៤៥។ ព្រះអង្គបានសុគតកំឡុងបេសនកម្មយោធាបានបរាជ័យនៅលើទឹកដីដាយវៀតនៅក្បែរៗឆ្នាំ ១១៤៥ និង ១១៥០។
នឹងហើយ សម័យកាលបន្តបន្ទាប់មួយទៀតក្នុងនោះ ពួកស្ដេចដែលបានសោយរាជ្យបន្តក្នុងរយៈពេលខ្លី និងត្រូវបានផ្ដួលរំលំដោយអំពើហិង្សាដោយសារស្ដេចស្នងរាជ្យបន្តរបស់ទ្រង់។ នៅទីបំផុតនៅឆ្នាំ ១១៧៧ កម្វុជត្រូវទទួលបរាជ័យនៅក្នុងសមរភូមិជើងទឹកនៅបឹងទន្លេសាបដោយសារកងទ័ពចាម និងត្រូវបានបញ្ចូលជាខេត្តមួយរបស់ចាម្ប៉ា។
សង្គ្រាមរវាងខ្មែរនិងនគរចាម្ប៉ា
[កែប្រែ]តាមសិលាចារឹកខ្មែរ និងកំណត់ឯកសារប្រវត្តិសាស្ត្រចិនជំនាន់ដើម យើងកត់សំគាល់ឃើញថា ប្រទេសខ្មែរតែងតែជួបប្រទះ ធ្វើសង្គ្រាមតទល់ជាមួយនឹងនគរចាម្ប៉ាជាញឹកញាប់។ ពីព្រោះតែនៅអាស៊ីអាគ្នេយ៍សម័យនោះ កម្លាំងឬជនជាតិសាសន៍ ដែលប្រឈមមុខគ្នា មានតែខ្មែរនិងចាមប៉ុណ្ណោះ។ សង្គ្រាមនេះ ជាសង្គ្រាមវាតទឹកដី វាតអំណាច វាតឥទ្ធិពល ដែលនាំមកនូវផលអាក្រក់មហន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត ដល់ជោគវាសនាប្រទេសចាម្ប៉ា។
ដើមកំណើតនគរចាម្ប៉ា
[កែប្រែ]ជនជាតិចាមមានដើមកំណើតចេញមកពីជនជាតិជ្វា ឬម៉ាឡេនិងប៉ូឡេណេស៊ី ដែលរស់នៅក្នុងភូមិភាគ ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ។ នៅដើមសតវត្សទី១នៃគ្រិស្តសករាជ ជនជាតិចាមដែលមានឈ្មោះល្បីល្បាញ ជាអ្នកប៉ិនប្រសប់ខាងធ្វើដំណើរតាមសមុទ្រ បាននាំគ្នាមកកាន់កាប់ទឹកដីចន្លោះ ជួរភ្នំអណ្ណាម និងសមុទ្រ។ ព្រំប្រទល់ខាងជើងជាប់នឹងទឹកដីខេត្តចិន តុងកឹងនិងខាងត្បូងជាប់នឹងទឹកដីខ្មែរកម្ពុជាក្រោម។ គឺជាច្រកទឹកដីមួយចង្អៀត ដោយមានរបាំងធម្មជាតិ (ជួរភ្នំអណ្ណាម) ឃាំងជាប់នៅទិសខាងលិចនិងខាងកើត (សមុទ្រចិន)។ ក្នុងសតវត្សទី២នៃគ្រិស្តសករាជ ជនជាតិចាមបានរៀបចំទឹកដីនេះ អោយក្លាយទៅជានគរមួយមានឈ្មោះនគរចាម្ប៉ាដែលអ្នកដំណើរចិនដាក់ឈ្មោះថា លីនយី។ ជាដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន នគរចាម្ប៉ាបានទទួលឥទ្ធិពលអំពីឥណ្ឌា ហើយគោរពបូជាព្រហ្មញ្ញសាសនា។ ព្រះមហាក្សត្រចាមទាំងប៉ុន្មានតែងតែប្រកាសតាំងខ្លួន ចុះមកពីព្រះសិវៈ ឬ ព្រះឥសូរ។[១៥]
បុព្វហេតុសង្គ្រាមខ្មែរនិងចាម្ប៉ា
[កែប្រែ]ដោយទឹកដីរបស់ខ្លួនត្រូវចង្អៀតតូច ដោយប្រជាជនចេះតែកើនឡើងចំនួន ហើយម្យ៉ាងទៀតដោយសារនៅទិសខាងលិច មានជញ្ជាំងភ្នំអណ្ណាមយ៉ាងខ្ពស់ស្កឹមស្កៃមិនអាចឆ្លងកាត់បាន នគរចាម្ប៉ាគ្មានមធ្យោបាយអ្វីក្រៅអំពីវាតទឹកដីចុះទៅក្រោមឬឡើងទៅលើឡើយ។ ពីសតវត្សទី៣ទៅទី៤នៃគ្រិស្តសករាជ បានពង្រឹងកម្លាំងទាំងអស់វាយលុកប្រហារដណ្ដើមយកខេត្តចិន តុងកឹង។ តែសង្គ្រាមនេះហាក់ដូចជាមិនបាននាំមកនូវជោគជ័យដល់នគរចាម្ប៉ាទេ។ ជនជាតិយួនបានវាយតបវិញ ធ្វើអោយចាមទប់មិនបាន ហើយដកឃ្លារើរាជធានីឥន្ទ្របុរៈចុះមកតាំងទីនៅឯបណ្ឌុរង្គ។ បន្ទាប់មក រាជធានីចាមត្រូវលើកមកនៅកៅធរៈ។ មិនតែប៉ុណ្ណោះជាច្រើនលើកច្រើនគ្រា នគរចាម្ប៉ាត្រូវពួកជ្វាចោរសមុទ្រលើកទ័ពតាមទូកសំពៅចូលមកលុកលុយ វាយប្រហារកាប់សម្លាប់ ធ្វើបាបលួចប្លន់ ដុតបំផ្លិចបំផ្លាញជារឿយៗ ពីគ្រិស្តសករាជ ៧៦៥ ទៅ ៧៨៧។ កងទ័ពចិនដែលត្រួតត្រានៅតុងកឹងក៏ធ្លាប់បានវាយកម្ទេចចាម្ប៉ាដាក់ជាចំណុះដែរ។ បន្ទាប់មកក្នុង គ.ស. ១០៤៥ កងទ័ពយួនបានយកជ័យជម្នះលើកងទ័ពចាម ដណ្ដើមយកបានព្រះរាជធានីឥន្ទ្របុរៈ ហើយលួចប្លន់យកអស់ភោគទ្រព្យសម្បត្តិធនធានរបស់ចាមផង។ ក្នុងគ.ស. ១០៦១ ទឹកដីខេត្តបីរបស់ចាមត្រូវយួនកាត់យក មកបញ្ចូលធ្វើជាទឹកដីយួន។ គឺក្នុងស្ថានភាពដូច្នេះហើយ ដែលនគរចាម្ប៉ាត្រូវតែរកផ្លូវ រកទិសរុលបុកវាយវាតទីទឹកដីចុះមកក្រោម ឬ មកខាងត្បូងសំដៅប្រទេសកម្ពុជា។ ដំបូង ការចុះតម្រង់ចូលមកក្នុងទឹកដីខ្មែរ គ្មានលក្ខណៈជាការវាយប្រហារឬជាសង្គ្រាមទេ។ គឺជាក្រុមចោរតូចតាចដែលនាំគ្នាមកលួចប្លន់ កាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដើម្បីរករស់តែប៉ុណ្ណោះ។ គំនិតចង់វាតទឹកដីយកខេត្តខណ្ឌនគរខ្មែរហាក់ដូចជាមិនទាន់មានទេ។ ពួកក្រុមចោរចាមទាំងនោះ ជួនត្រូវព្រះមហាក្សត្រខ្មែរវាយប្រហារដេញសម្លាប់កម្ទេចចោល ជួនត្រូវបានព្រះអង្គអនុញ្ញាតអោយរស់នៅលើទឹកដីខ្មែរដើម្បីបម្រើនយោបាយនិងផលប្រយោជន៍ខ្មែរ។ ប៉ុន្តែចូលមកដល់ គ.ស. ៨០៩ ក្នុងរាជ្យព្រះបាទជយវម៌្មទី២ ដោយមានចាមមួយអង្គឈ្មោះពោរ ជាមេទ័ពធំ នគរចាម្ប៉ាបានលើកពលសេនាយោធា យ៉ាងគគ្រឹកគគ្រេងចូលមកវាយប្រហារនគរខ្មែរ។ តែកងទ័ពចាម ត្រូវបរាជ័យបាក់បែករត់ខ្ចាត់ខ្ចាយរលាយអស់។ វិបត្តិរវាងខ្មែរនិងចាម ក៏ចេះតែរីកធំឡើងជាលំដាប់តាមកាលវេលា។ ក្នុង គ.ស. ៩៤៥-៩៤៦ វិវាទខ្មែរ-ចាមមានកម្រិតយ៉ាងខ្ពស់ខ្លាំងក្លាយផ្ទុះជាសង្គ្រាម។ កងទ័ពខ្មែរក្រោមការដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទរាជេន្ទ្រវម៌្មបានវាយរុញច្រានកម្ចាត់កងទ័ពចាម វាយប្រយុទ្ធចូលលុកសម្រុកដល់នគរចាម្ប៉ា ហើយដណ្ដើមយកបានព្រះរាជធានី កៅធរៈ។ សិលាចារឹកចាមបានសរសេរចាររៀបរាប់អំពីសង្គ្រាមនេះ ដោយបញ្ជាក់ថាកងទ័ពខ្មែរបានលួចយករូបព្រះបដិមាករព្រះនាងភគវត្តីដែលធ្វើអំពីមាស។ សង្គ្រាមនិងអធិករណ៍រវាងនគរខ្មែរនិងចាមមានរយៈពេលជាង ៧៥ ឆ្នាំ។ តែក្នុងរយៈពេលចុងក្រោយ ដែលនគរចាម្ប៉ាទទួលការវាយប្រហារកៀបសង្កត់ យ៉ាងខ្លាំងពីសំណាក់យួន ចាម្ប៉ាហាក់ដូចជាងាកមកស្វែងរកការគាំទ្រពីកម្ពុជាវិញ។[១៦]
ជយវម៌្មទី៧ - អង្គរធំ
[កែប្រែ]អនាគតព្រះមហាក្សត្រ ព្រះបាទជយវម៌្មទី៧ (សោយរាជ្យគ.ស ១១៨១-១២១៩) គឺជាមេទ័ពស្រាប់ត្រូវជាព្រះអង្គម្ចាស់ក្រោមអំណាចស្ដេចមុន។ បន្ទាប់ពីពួកចាមបានសញ្ជ័យយកបានអង្គរ ព្រះអង្គបានប្រមូលកងទ័ពនិងដណ្ដើមយកមករាជធានី យសោធរបុរមកវិញ។ នៅឆ្នាំ ១១៨១ ព្រះអង្គបានឡើងសោយរាជ្យនិងបន្តសង្គ្រាមប្រឆាំង នឹងនគរខាងកើតជិតខាងអស់រយៈពេល ២២ ឆ្នាំថែមទៀត រហូតដល់ខ្មែរបានធ្វើឱ្យចាម្ប៉ាបរាជ័យនៅឆ្នាំ ១២០៣ និងបានសញ្ជ័យទឹកដីដ៏ធំធេងរបស់ចាម្ប៉ា។
ព្រះបាទជយវម៌្មទី៧ឈរជាស្ដេចចុងក្រោយបង្អស់ក្នុងចំណោមស្ដេចធំៗនៃអង្គរ មិនត្រឹមតែធ្វើសង្គ្រាមនឹងចាមបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែព្រះអង្គគឺជាអ្នកដឹកនាំដែលមិនចេះឆ្លៀតឱកាសក្នុងសភាពការណ៍ដើម្បីបានសោយរាជ្យភ្លាមៗឡើយ ដោយហេតុនេះហើយព្រះអង្គក៏បានបង្រួបបង្រួមអាណាចក្រ និងលើសពីនោះ គំរោងសំណង់របស់ស្ដេចអង្គមុនបានបន្តក្រោមរាជ្យរបស់ព្រះអង្គដដែល។ រាជធានីថ្មីបច្ចុប្បន្នហៅថា អង្គរធំ (ន័យចំ: ទីក្រុង រឺ បុរីធំ) ត្រូវបានកសាងឡើង។ នៅចំកណ្ដាល ព្រះមហាក្សត្រ (ព្រះអង្គជាអ្នកកាន់ព្រះពុទ្ធសាសនាមហាយាន) បានសាងសង់ជាប្រាសាទរដ្ឋបាយ័ន ដែលមានប្រាង្គមានព្រះភក្ត្រនៃពោធិសត្វអវលោកេស្វរ ដែលប្រាង្គនីមួយៗមានកំពស់ច្រើនមាត្រ ឆ្លាក់ចេញពីថ្ម។ ប្រាសាទសំខាន់ៗថែមទៀតត្រូវបានកសាងក្រោមរជ្ជកាលរបស់ព្រះបាទជយវម៌្មទី៨ គឺតាព្រហ្ម បន្ទាយក្ដី និង នាគព័ន្ធ ដូចគ្នាដែរក៏មានអាងផ្ទុកទឹកស្រះស្រង់។ ស្របគ្នាដែរ បណ្ដាញផ្លូវធំមួយចំនួនត្រូវបានគេក្រាល ដែលភ្ជាប់ទៅកាន់ក្រុងនីមួយៗនៃអាណាចក្រ។ សាលាសំណាក់ ១២១ នៅតាមផ្លូវទាំងនោះត្រូវបានសាងឡើងសំរាប់ពួកឈ្មួញ មន្ត្រីរាជការនិងអ្នកដំណើរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ព្រះអង្គបានកសាងមន្ទីរពេទ្យចំនួន ១០២ ថែមទៀតផង។
ជយវម៌្មទី៧ — ការរុងរឿងចុងក្រោយ
[កែប្រែ]បន្ទាប់ពីការសោយទិវង្គតនៃព្រះបាទជយវម៌្មទី៧ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ ព្រះបាទឥន្ទ្រវម៌្មទី២ (សោយរាជ្យ ១២១៩-១២៤៣) បានឡើងសោយរាជ្យបន្ត។ ដូចព្រះបិតារបស់ព្រះអង្គដែរ ទ្រង់ក៏ជាពុទ្ធសាសនិក និងបានបង្ហើយប្រាសាទជាបន្តបន្ទាប់ដែលចាប់ផ្ដើមសង់ឡើងក្រោមរជ្ជកាលបិតារបស់ព្រះអង្គ។ ជាអ្នកចំបាំងមួយអង្គ ទ្រង់មានជ័យជំនះតិចណាស់។ នៅឆ្នាំ ១២២០ ក្រោមការដាក់សំពាធពីដាយវៀតដែលអំណាចកាន់តែកើនឡើង និងសម្ព័ន្ធមិត្តចាមរបស់យួន ខ្មែរបានដកទ័ពចេញពីខេត្តមួយចំនួនដែលសញ្ជ័យបានពីចាម្ប៉ាកាលពីមុន។ នៅភាគខាងលិច ពួកសៀមដែលជាអ្នកនៅក្រោមអំណាចទ្រង់បានបះបោរ បង្កើតឡើងនគរសៀមទីមួយនៅសុខោទ័យនិងបានរុញច្រានខ្មែរឲ្យត្រឡប់មកវិញ។
នៅក្នុងរយៈពេល ២០០ ឆ្នាំបន្តបន្ទាប់ ពួកសៀមបានក្លាយជាសត្រូវធំនៃកម្ពុជា។ ព្រះបាទឥន្ទ្រវម៌្មទី២ត្រូវបានស្នងរាជ្យបន្តដោយព្រះបាទជយវម៌្មទី៩ (សោយរាជ្យ ១២៤៣-១២៩៥)។ ផ្ទុយនឹងស្ដេចសោយរាជ្យមុនៗ ព្រះអង្គគឺជាអ្នកកាន់ព្រហ្មញ្ញសាសនានិងក៏ជាអ្នកប្រឆាំងរុកគួនដល់ពុទ្ធសាសនា[ត្រូវការអំណះអំណាង]ដែរ។ ព្រះអង្គបានបំផ្លិចបំផ្លាញរូបបដិមាព្រះពុទ្ធនៅក្នុងអាណាចក្រជាច្រើន (អ្នកបុរាណវិទ្យាបានប៉ាន់ប្រមាណចំនួនជាង ១០០០០ ដែលក្នុងនោះមានស្លាកស្នាមតិចតួចដែលនៅសេសសល់) ហើយបានប្រែប្រាសាទពុទ្ធសាសនាទៅជាព្រហ្មញ្ញសាសនាវិញ។[ត្រូវការអំណះអំណាង] ពីខាងក្រៅ អាណាចក្ររងការគំរាមកំហែងនៅឆ្នាំ ១២៨៣ ដោយពួកម៉ុងហ្គោលក្រោមការដឹកនាំរបស់មេទ័ពសាហ្កាទូ ជាមេទ័ពម្នាក់របស់គូប៊ីឡៃខាន់ ដែលជួនកាលត្រូវគេស្គាល់ថាជា សុហ្គេទូ រឺ សូឌុ ហើយក៏ជាចៅហ្វាយខេត្តគ័ងចូវ ប្រទេសចិនដែរ។[១៧] គឺជាទលសេនាតូចចេញពីយុទ្ធនាការធំប្រឆាំងនឹងចាម្ប៉ានិងដាយវៀត។ ព្រះមហាក្សត្របានបញ្ចៀសសង្គ្រាមជាមួយសត្រូវដ៏មានឥទ្ធិពលរបស់ព្រះអង្គដែលនៅពេលនោះបានគ្រប់គ្រងប្រទេសចិនទាំងមូល ដោយថ្វាយសួយសាអាករជាប្រចាំឆ្នាំទៅកាន់ព្រះចៅគូប៊ីឡៃខាន់។[១៧] ការគ្រប់គ្រងរបស់ព្រះបាទជយវម៌្មទី៩បានបញ្ចប់នៅឆ្នាំ ១២៩៥ ដែលនៅពេលនោះព្រះអង្គត្រូវបានទំលាក់ដោយព្រះរាជសណិសាររបស់ទ្រង់ គឺព្រះបាទស្រេន្ទ្រវម៌្មទី២ (ឥន្ទ្រវម៌្មទី៣) (សោយរាជ្យ ១២៩៥-១៣០៩)។ ព្រះមហាក្សត្រថ្មីគឺជាអ្នកកាន់ពុទ្ធសាសនាថេរវាទ ជាសាខាពុទ្ធសាសនាដែលបាននាំមកដល់អាស៊ីអាគ្នេយ៍ពីស្រីលង្កា និងបានផ្សព្វផ្សាយជាបន្តបន្ទាប់ទូទាំងតំបន់ភាគច្រើន។
នៅខែសីហា ១២៩៦ អ្នកការទូតចិនជីវ-តាក្វាន់បានមកដល់អង្គរ និងបានស្នាក់នៅក្នុងវាំងនៃស្ដេចស្រេន្ទ្រវម៌្មរហូតដល់ ខែ កក្កដា ១២៩៧។ លោកក៏មិនមែនជាអ្នកទីមួយ ហើយក៏មិនមែនជាអ្នកតំណាងប្រទេសចិនចុងក្រោយដែលបានមកទស្សនកិច្ចកម្ពុជានោះទេ។ យ៉ាងណាមិញ ការស្នាក់នៅរបស់គាត់គឺគួរឲ្យកត់សំគាល់ពីព្រោះតែជីវ-តាក្វាន់ ក្រោយមកទៀតបានសរសេររបាយការណ៍លំអិតអំពីការរស់នៅ នៅអង្គរ។ គំនូរពិពណ៌នារូបភាពរបស់លោកគឺជាប្រភពមួយក្នុងចំណោមប្រភពដ៏សំខាន់បំផុតពេលសព្វថ្ងៃនេះដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រអង្គរ។ តាមរយៈការពិពណ៌នាអំពីមហាប្រាសាទធំៗជាច្រើន (បាយ័ន បាពួន អង្គរវត្ត ក្នុងនោះយើងត្រូវតែអរគុណដល់លោកចំពោះព័ត៌មាន ថាប្រាង្គនៃបាយ័នក្នុងពេលនោះបានស្រោបដោយមាស) អត្ថបទនេះក៏ផ្ដល់នូវព័ត៌មានដ៏មានតំលៃផងដែរ ចំពោះជីវភាពប្រចាំថ្ងៃនិងទំលាប់នៃពួកអ្នកស្រុកអង្គរផងដែរ។
មានកំណត់ត្រាប្រវត្តិសាស្ត្រតិចតួចពីសម័យបន្តបន្ទាប់ពីរជ្ជកាលព្រះបាទស្រេន្ទ្រវម៌្ម។ សិលាចារឹកដែលគេស្គាល់ចុងក្រោយលើស្ដម្ភមួយពីឆ្នាំ ១៣២៧។ គ្មានប្រាសាទធំៗបន្ថែមទៀតទេត្រូវបានគេកសាង។
ការរុងរោច
[កែប្រែ]ពួកអ្នកប្រវត្តិវិទូសង្ស័យលើការជាប់ទាក់ទងជាមួយការកាន់ពុទ្ធសាសនាថេរវាទរបស់ព្រះរាជា៖ ដូច្នេះ ពួកព្រះរាជាទាំងនោះលែងរាប់អាន ទេវរាជទៀតហើយ ហើយគ្មានតំរូវឱ្យសង់ប្រាសាទធំៗសំរាប់ព្រះរាជាទៀតទេ រឺក៏សំរាប់ទេវអង្គណាក្រោមការអភិរក្សរបស់ពួកទ្រង់ដើម្បីឲ្យទេវៈទាំងនោះឈរជាតំណាងឡើយ។ ការដកចេញនូវគំនិតទេវរាជ ប្រហែលជាមកពីការបាត់បង់អំណាចអាជ្ញារបស់ព្រះរាជានិងក៏ដោយហេតុថាកង្វះពលករ។ គ្រឿងឧបករណ៍គ្រប់គ្រងទឹកក៏បានចុះអន់ថយ មានន័យថាទិន្នផលត្រូវបានធ្លាក់ចុះដោយសារទឹកជំនន់ រឺ គ្រោះរាំងស្ងួត។ កាលពីមុនទិន្នផលស្រូវបីដងក្នុងមួយឆ្នាំអាចទៅរួច— គឺជាការរួមចំណែកដ៏សំខាន់លើភាពរុងរឿងនិងឥទ្ធិពលរបស់កម្វុជទេឝ - ផលស្រូវធ្លាក់ចុះបានបន្ថែមធ្វើឲ្យអាណាចក្រនេះចុះអន់ថយទៅៗ។
ប្រទេសជិតខាងនៅខាងលិចនៃអាណាចក្រ គឺនគរសៀមដំបូង សុខោទ័យ ក្រោយមកបានវាយរុញច្រានអនុត្តរភាពរបស់អង្គរ អាណាចក្រខ្មែរក៏ត្រូវបានសញ្ជ័យដោយនគរសៀមមួយទៀត នៅភាគខាងក្រោមអាងទន្លេចៅព្រះយា គឺអយុធ្យានៅឆ្នាំ ១៣៥០។ ចាប់តាំងពីសតវត្សទី១៤មក អយុធ្យាបានក្លាយជាសត្រូវនៃអង្គរ។ តាមរយៈរឿងរ៉ាវរបស់អង្គរ អយុធ្យាបានចាប់ផ្ដើមការវាយលុកជាច្រើនលើក។ ជាចុងក្រោយនិយាយរួមទៅ អង្គរត្រូវបានដាក់ជាប្រទេសចំណុះ។ កងទ័ពសៀមបានដកថយទៅវិញបន្សល់ទុកអង្គរឱ្យគ្រប់គ្រងដោយពួកអភិជនក្នុងស្រុក ដែលមានស្វាមីភ័ក្តទៅនឹងអយុធ្យា។ រឿងរ៉ាវនៃសម័យអង្គរបានសាបរលាបពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចាប់តាំងពីពេលនោះមក។
មានភស្តុតាងថាមរណៈងងឹត មានផលប៉ះពាល់លើស្ថានភាពដែលបានរៀបរាប់ខាងលើ គឺជំងឺបេស្ត៍លើកដំបូងបានលេចឡើងនៅប្រទេសចិននៅប្រហែលឆ្នាំ ១៣៣០ និងរាលដាលទៅដល់អឺរ៉ុបនៅក្បែរឆ្នាំ ១៣៤៥។ កំពង់ផែសមុទ្រភាគច្រើននៅស្របនឹងខ្សែធ្វើដំណើរពីចិនទៅអឺរ៉ុបបានដួលរលំដោយសារឥទ្ធិពលនៃជំងឺនេះ ក្នុងនោះមានការប៉ះពាល់ដ៏ធ្ងន់ធ្ងរមួយលើការរស់នៅនៅអាស៊ីអាគ្នេយ៍ទាំងមូល។
មជ្ឈមណ្ឌលថ្មីនៃនគរខ្មែរគឺនៅឯទិសនិរតី នៅឧត្តុង្គក្នុងតំបន់មួយនៅក្បែរភ្នំពេញសព្វថ្ងៃនេះ។ យ៉ាងណាមិញ មានការបង្ហាញថាអង្គរមិនត្រូវបានគេបោះបង់ចោលទាំងស្រុងនោះទេ។ ខ្សែស្រឡាយស្ដេចខ្មែរប្រហែលជានៅទីនោះ រីឯខ្សែទី២បានរើទៅភ្នំពេញដើម្បីបង្កើតនគរមួយស្របពេលគ្នា។ ការធ្លាក់អង្គរចុងក្រោយ ប្រហែលជាក្រោយមកដោយសារតែបន្ទេរនៃសេដ្ឋកិច្ច - ហើយនិងភាពចាំបាច់នៃនយោបាយ ពេលនោះភ្នំពេញបាន ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយនៅតាមដងទន្លេមេគង្គ។ គំរោងសំណង់ចំណាយខ្ពស់និងជំលោះដណ្ដើមអំណាចរវាងព្រះញាតិវង្សបានបិទបញ្ចប់សម័យអាណាចក្រខ្មែរ។
ការស្រុតចុះខាងបរិស្ថានវិទ្យា និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធគឺជាចំលើយផ្សេងថ្មីមួយទៀតឆ្លើយតបទៅនឹងទីបញ្ចប់នៃអាណាចក្រខ្មែរ។ ពួកអ្នកវិទ្យាសាស្ត្រដែលកំពុងធ្វើការលើ គំរោងមហាអង្គរមានជំនឿថាខ្មែរមានប្រព័ន្ទផ្ទុកទឹកនិងប្រឡាយយ៉ាងល្អិតល្អន់ប្រើប្រាស់សំរាប់ពាណិជ្ជកម្ម ការធ្វើដំណើរនិងការបញ្ចេញបញ្ចូលទឹក។ ប្រឡាយប្រើសំរាប់ការដាំដុះស្រូវ។ ដោយសារអត្រាប្រជាជនបានកើនឡើង ការទាញយកទឹកប្រើប្រាស់កាន់តែច្រើនពីប្រព័ន្ធធារាសាស្ត្រនេះ។ ការចុះអន់ថយទាំងប៉ុន្មានរួមផ្សំដោយសារកង្វះទឹកនិងទឹកជំនន់។ ដើម្បីសំរបតាមកំណើនប្រជាជនកំពុងតែកើនឡើង ព្រៃឈើត្រូវបានកាប់ពីភ្នំគូលែននិងឆ្ការចេញដើម្បីបង្កើនផ្ទៃដីស្រែបន្ថែមទៀត។ ហេតុនឹងហើយបានធ្វើឱ្យមានចំរោះទឹកភ្លៀងនាំទៅដល់អវសាននៃប្រព័ន្ធបង្ហូរទឹក។ ការបំផ្លាញណាមួយទៅដល់ប្រព័ន្ធធារាសាស្ត្រប្រហែលជាបានបន្សល់ទុកនូវផលវិបាកដ៏ធំធេង។1
ក្នុងព្រឹត្តិការណ៍នីមួយៗ មានភស្តុតាងអំពីសម័យកាលក្រោយមកទៀតអំពីការប្រាស្រ័យទាក់ទងនឹងរមណីយស្ថានអង្គរ។ ក្រោមរបបនៃព្រះបាទស្រីសុរិយោពណ៌ទី២ (ព្រះញាយ៉ាត) ទ្រង់បានស្នងរាជ្យជាបណ្ដោះអាសន្នដើម្បីរុញច្រានពួកសៀមឱ្យចាកចេញ ព្រះរាជវាំងក៏ត្រូវបានរើត្រលប់ទៅអង្គរវិញមួយរយៈកាលខ្លី។ ចាប់ពីសតវត្សទី១៧មក មានសិលាចារឹកខ្លះដែរ ផ្ដល់សក្ខីកម្មអំពីការតាំងលំនៅរបស់ជនជាតិជប៉ុនស្របពេលនោះ ក៏មានខ្មែររស់នៅទីនោះដែរ។ រឿងនិទានល្បីបំផុតរបស់យូកុនដាភ្វូ-កាហ៊្សូភ្វូសាក ដែលលោកជាអ្នកបានចូលរួមបុណ្យចូលឆ្នាំខ្មែរនៅទីនោះនៅឆ្នាំ ១៦៣២។
អរិយធម៌ខ្មែរសម័យអង្គរ
[កែប្រែ]នៅសម័យអង្គរខ្មែរមានឈ្មោះថាជាមហាអំណាចមួយនៅអាស៊ីអាគ្នេយ៍។ ដូច្នេះហើយអរិយធម៌ខ្មែរបានឡើងដល់កំរិតកំពូលនៅសតវត្សទី៩ដល់ទី១៣។ ភាពរុងរឿងនេះគេអាចសំគាល់ដោយផ្ទៃដីធំទូលាយ លាតសន្ធឹងសឹងទាំងអស់នៃផ្ទៃដីឥណ្ឌូចិនទាំងមូលដោយប្រាសាទសិលាមានចំនួនច្រើនរាប់ពាន់ប្រកបដោយក្បាច់រចនាគួរអោយកោតស្ញប់ស្ញែងផ្ទាំងសិលាចារឹកច្រើនសន្ធឹកសន្ធាប់ មានទាំងភាសាសំស្ក្រឹត និងខ្មែរបុរាណឬជួនកាលមានភាសាទាំងពីរលាយចំរុះគ្នាដោយរូបបដិមាគ្រប់ប្រភេទនិងបុរាណវត្ថុផ្សេងៗទៀត និងជាពិសេសដោយបរិក្ខាសង្ខរណ ដែលមានសេសសល់រហូតមកដល់សព្វថ្ងៃដូចជា បារាយណ៍ ទំនប់ទឹក បណ្ដាញជលគតិ ផ្លូវថ្នល់ ស្ពាន។ល។ ប៉ុន្តែចាប់ពីពាក់កណ្ដាលទី១នៃស.វទី១៣ ទៅការចុះដុនដាបក៏ចាប់មានបន្តិចម្ដងៗរហូតដល់ត្រូវបោះបង់រាជធានីអង្គរចោលនៅសតវត្សទី១៥ ដោយព្រះបាទស្រីសុរិយោពណ៌ទី២ (ពញាយ៉ាត)។ តទៅនេះយើងសាកល្បង បង្ហាញរូបភាព (តាមដែលអាចធ្វើបាន) នៃសង្គមខ្មែរក្នុងសម័យដ៏រុងរឿងនោះ។[១៨]
នយោបាយ និង រដ្ឋបាល
[កែប្រែ]ព្រះរាជា
[កែប្រែ]ដោយការប្រារព្ធធ្វើពិធីទេវរាជ ព្រះរាជាត្រូវមានឋានៈស្មើអាទិទេព។ រាជធានីរបស់ព្រះអង្គជាតំណាងនៃចក្កវាឡទាំងមូល: ប្រាសាទភ្នំនៅកណ្ដាលក្រុងជានិមិត្តរូបភ្នំព្រះសុមេរុដែលគេចាត់ទុកថាជាស្នូលនៃចក្រវាល កំពែងនិងគូទឹកជានិមិត្តរូបជួរភ្នំនិងសមុទ្រដែលព័ទ្ធជុំវិញភ្នំព្រះសុមេរុ។ ប្រាសាទភ្នំសំរាប់តំកល់លិង្គទេវរាជ អាចប្រើបានសំរាប់តែព្រះរាជាមួយអង្គប៉ុណ្ណោះ លុះព្រះអង្គសោយទិវង្គតទៅប្រាសាទនោះនឹងក្លាយជាផ្នូររបស់ព្រះអង្គ។ លោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ដែលបានមកទស្សនាប្រទេសខ្មែរនៅចុងសតវត្សទី១៣បានធ្វើការពិពណ៌នាពីការយាងចេញរបស់ព្រះរាជា ដែលគួរឲ្យយើងចាប់អារម្មណ៍យ៉ាងខ្លាំង។ នៅមុខក្បួនដង្ហែមានពួកទាហានបន្ទាប់មកមានអ្នកកាន់ទង់ជ័យនិងអ្នកភ្លេង។ បន្ទាប់មកទៀត គឺពួកស្រីៗដែលមានគ្នាពីបីរយទៅប្រាំរយនាក់ មានសំលៀកបំពាក់ប្រកបដោយកំណាត់មានភ្ញីស្លឹកឈើមានផ្កាសៀតក្នុងផ្នួងសក់ដៃកាន់ទៀនដែលនៅពេលថ្ងៃក៏ត្រូវអោយឆេះដែរ។ តមកទៀតមានស្រីៗមួយពួកផ្សេងទៀតកាន់គ្រឿងប្រដាប់ស្ដេចធ្វើពីមាសនិងប្រាក់់និងគ្រឿងលំអទាំងអស់សុទ្ធសឹងតែជារបស់ប្លែកៗ។ តពីនោះមានស្រីៗមួយពួកទៀតដែលជារាជអង្គរក្សដើរកាន់លំពែង និង ខែល។ តមកទៀតគឺរទេះពពែ រទេះសេះដែលសុទ្ធសឹងតុបតែងដោយគ្រឿងមាស។ ពួកក្សត្រ និងពួកនាម៉ឺនសព្វមុខមន្ត្រីសុទ្ធតែជិះដំរីដែលគេមើលពីចំងាយមកឃើញតែក្លស់ពណ៌ក្រហមច្រើនសន្ធឹកសន្ធាប់។ បន្ទាប់ពីពួកនេះ គឺមហេសីនិងស្នំរបស់ព្រះរាជាដែលជិះគ្រែស្នែង រទេះសេះ និង ដំរី ហើយមានក្លស់ជាងមួយរយលាបទឹកមាស។ ចុងក្រោយបង្អស់គឺព្រះរាជាដែលគង់ឈរលើដំរីហើយទ្រង់កាន់ព្រះខ័ឌ្គ។ ភ្លុកដំរីនេះសុទ្ធសឹងតែស្រោបមាសដែរ។ ឯក្លស់បាំងព្រះរាជាមានជាងម្ភៃ ជាក្លស់សចំរុះពណ៌មាស ហើយមានដងក៏ស្រោបមាសទៀត។ មានដំរីដទៃទៀតជាច្រើនដើរអមដំណើរព្រះអង្គ ហើយមានទាហានដទៃទៀតតាមការពារព្រះអង្គ។ ជនណាដែលឃើញព្រះរាជាហើយត្រូវតែលុតជង្គង់ហើយអោនក្បាលដល់ដី។[១៩]
អំណាចព្រះរាជា
[កែប្រែ]ដោយលទ្ធិទេវរាជអំណាចរបស់ព្រះរាជាមានប្រភពចេញមកពីអាទិទេព។ ព្រះអង្គមានអំណាចលើដីធ្លីទាំងអស់ : ការលក់ ការប្ដូរ ឬ ការធ្វើអំណោយដី ត្រូវតែមានសេចក្ដីយល់ព្រមពីព្រះអង្គទើបបាន។ ព្រះរាជាមានអំណាចទូលំទូលាយណាស់ : ព្រះអង្គជាអ្នកធ្វើច្បាប់ ជាអ្នកជ្រើសរើសមន្ត្រីជាន់ខ្ពស់ជាអគ្គបញ្ជាការនៃកងទ័ព ជាអ្នកកាន់កាប់នយោបាយក្រៅប្រទេស (ពួករាជទូតបរទេសត្រូវមកបង្គំគាល់ចំពោះព្រះអង្គ) ជាអ្នកកាត់សេចក្ដី (ប្រសិនបើរាស្ត្រណាចង់) ជាមេសាសនា (តែងតាំងពួកបព្វជិតជាន់ខ្ពស់និងធ្វើអធិបតីក្នុងពិធីសាសនាផ្សេងៗ) ជាអ្នកការពារប្រទេសមិនអោយសត្រូវយាយីពីខាងក្រៅនិងរ៉ាប់រងអោយមានសន្តិភាពនៅខាងក្នុង។ គួរកត់សំគាល់ថាព្រះរាជាមិនគ្រាន់តែមាននាមថា ជាអគ្គបញ្ជាការតែប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គជាមេទ័ពដឹកនាំទ័ពចេញទៅប្រយុទ្ធជាមួយសត្រូវនៅក្នុងសមរភូមិតែម្ដង។ អត្ថបទសិលាចារឹកជាច្រើនបានកោតសរសើរចំពោះគុណសម្បត្តិយោធារបស់ព្រះរាជាថា សុទ្ធសឹងតែមានតេជៈដៃខ្លាំងពូកែមានជ័យជំនះលើសត្រូវជានិច្ច។ នេះជាតំរាប់ល្អមួយសំរាប់ពលទាហានដែលកាន់តែមានចិត្តក្លាហានក្នុងការប្រយុទ្ធការពារទឹកដីក្ដី ក្នុងចំបាំងវាតអំណាចវាតទឹកដីតាមលទ្ធិទេវរាជក្ដី។ រូបចំលាក់លើជញ្ជាំងប្រាសាទ (អង្គរវត្តនិងបាយ័ន) បានបង្ហាញអោយឃើញថាទ័ពខ្មែរជំនាន់នោះមាន ពលថ្មើរជើង ពលសេះ ពលដំរី និង ពលជើងទឹក និងបង្ហាញអោយឃើញថាមានពលសំរាប់ផ្ដល់ស្បៀងថែមទៀតផង។ ម្យ៉ាងទៀតបើតាមរូបចំលាក់ដដែលនោះឃើញថាទ័ពខ្មែរសម័យនោះច្បាស់ជាមានរបៀបរៀបរយនិងវិន័យថ្លៃថ្នូរណាស់។ សិលាចារឹកវិញបានបញ្ជាក់ថាការបះបោរទាំងឡាយត្រូវបានបង្ក្រាបយ៉ាងតឹងរឹងជាទីបំផុត ឯទាហានដែលមានគុណបំណាច់ចំពោះជាតិត្រូវបានលើកតំកើងជាអតិបរមា (ករណីសញ្ជកទាំង៤របស់ស្រីន្ទកុមារ បុត្រជយវម៌្មទី៨) ដោយមានការកសាងរូបបដិមា និងប្រាសាទសំរាប់រំលឹកគុណ។ ការដែលបង្ហាញអោយឃើញថា ព្រះរាជាសម័យអង្គរមានអំណាចទូលំទូលាយនោះ ពុំមែនមានន័យថាព្រះអង្គជាអ្នកកាន់អំណាចផ្ដាច់ការទេ ព្រោះព្រះអង្គត្រូវគោរពវិន័យវណ្ណៈក្សត្រិយ៍ គោរពសិក្ខាបទសាសនា បានសេចក្ដីថាព្រះអង្គត្រូវប្រកបដោយទសពិធរាជធម៌។ សិលាចារឹកព្រះគោ ស្លោកទី៣បាននិយាយពីព្រះបាទឥន្ទ្រវម៌្មទី១ថា: ស្រីឥន្ទ្រវម៌្មធ្វើអោយប្រជារាស្ត្រសម្បូណ៌សប្បាយដោយការប្រតិបត្តិនូវវិន័យទាំង ៣ ប្រការ។ ចំពោះប្រជារាស្ត្រ ព្រះរាជាតែងមានព្រះហឬទ័យអាណិតមេត្តានិងប្រកបដោយយុត្តិធម៌ជានិច្ច។ ព្រះបាទជយវម៌្មទី៨ទ្រង់បានខិតខំធ្វើឱ្យបានសំរេចឧត្តមគតិនេះដោយបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីព្រះពុទ្ធសាសនា។ សិលាចារឹកមន្ទីរពេទ្យរបស់ព្រះអង្គបានចែងថា: ជំងឺរបស់ប្រជារាស្ត្រធ្វើអោយព្រះអង្គឈឺចាប់ជាងជំងឺផ្ទាល់ព្រះអង្គទៅទៀត ព្រោះថាគឺសេចក្ដីឈឺចាប់សាធារណៈនេះហើយជាសេចក្ដីឈឺចាប់របស់ព្រះរាជាទាំងឡាយ ពុំមែនសេចក្ដីឈឺចាប់ផ្ទាល់ទេដែលធ្វើអោយព្រះអង្គឈឺចាប់។[២០]
ការបន្តរាជសម្បត្តិ
[កែប្រែ]បើតាមគោលការណ៍ បុត្រច្បងអាចឡើងសោយរាជ្យស្នងព្រះបិតា ប៉ុន្តែបើគ្មានបុត្រទេញាតិណាម្នាក់អាចឡើងសោយរាជ្យបាន។ ចំពោះការបន្តរាជសម្បត្តិនេះ មានមតិពីរផ្ទុយគ្នា : អ្នកខ្លះយល់ថាមានតែញាតិជាប់ខ្សែខាងស្រីទៅនឹងព្រះរាជាទើបអាចឡើងស្នងរាជ្យបាន អ្នកខ្លះទៀតយល់ផ្ទុយទៅវិញ ប៉ុន្តែបានបញ្ជាក់ថាទាល់តែជាប់ញាតិខ្សែខាងស្រីជាមួយស្ដេចមុន ឬ ត្រូវយកក្សត្រីស្ត្រីណាមួយក្នុងគ្រួសារស្ដេចមុន ទើបអាចទទួលរាជសម្បត្តិបាន។ ក្នុងករណីដែលព្រះរាជាទទួលរាជសម្បត្តិហើយនៅតែក្មេងពេក នោះកិច្ចការរដ្ឋត្រូវបានព្រះរាជគ្រូជាអ្នកទទួលខុសត្រូវ។[២១]
ពួកបរិវារ
[កែប្រែ]រូបចំលាក់លើជញ្ជាំងប្រាសាទអង្គរវត្ត បង្ហាញព្រះបាទសូរ្យវម៌្មទី២ គង់លើបល្ល័ង្កទទួលគារវកិច្ចពីពួកបរិវារដែលមានជាអាទិពួករាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់ទាំងខាងស៊ីវិលនិងខាងទាហាន និងបុគ្គលិកមួយចំនួនច្រើនសន្ធឹកសន្ធាប់ណាស់។ ព្រះរាជាគង់ក្នុងរាជវាំងសង់ពីឈើ។ លោកជីវ-តាក្វាន់ (ចូវ-តាគ័ន) មានការស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះភាពរុងរឿងនិងប្រណីតភាពនៃរាជវាំងនេះ ជាពិសេសចំពោះសាលសវនាការដែលមានបង្អួចមាស ហើយនៅខាងស្ដាំនិងខាងឆ្វេងមានសសរបួនជ្រុងមានដាំកញ្ចក់តំរៀបគ្នា។ល។[២២]
រដ្ឋបាល
[កែប្រែ]រដ្ឋបាលកណ្ដាល
[កែប្រែ]ការគ្រប់គ្រងរដ្ឋត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អភិជនមួយក្រុមតូច។ តំណែងធំៗត្រូវបានទៅរាជវង្សានុវង្ស ឯតំណែងជាបុរោហិត អ្នកប្រារព្ធពិធីនៃទេវរាជ ព្រះរាជគ្រូត្រូវបានទៅសមាជិកត្រកូលព្រាហ្មណ៍ខ្លះដែលនិយមការបន្តតំណែងដោយរាប់ញាតិតាមខ្សែស្រី។ វណ្ណៈក្សត្រិយ៍និងវណ្ណៈព្រាហ្មណ៍ជាវណ្ណៈខ្ពស់ស្ថិតដាច់ពីវណ្ណៈរាស្ត្រទូទៅគឺជាវណ្ណៈបញ្ញវន្តនិងជាតំណាងអរិយធម៌ឥណ្ឌា។ វណ្ណៈកំពូលទាំងពីរនេះច្រើនចងសម្ព័ន្ធមេត្រីជាមួយគ្នា។ ព្រះរាជាទ្រង់ប្រទានសវនការពីរដងក្នុងមួយថ្ងៃ សំរាប់ដោះស្រាយកិច្ចការរដ្ឋ។ ពួកនាម៉ឺនឬពួកប្រជារាស្ត្រដែលមានការចូលមកបង្គំគាល់ត្រូវរង់ចាំព្រះអង្គដោយអង្គុយផ្ទាល់ដី។ ពេលដែលព្រះអង្គយាងមកដល់ទាំងមន្ត្រីទាំងប្រជារាស្ត្រត្រូវលើកដៃប្រណម្យហើយអោនក្បាលដល់ដី។ នៅក្នុងរដ្ឋបាលកណ្ដាល គេឃើញមានមន្ត្រីច្រើន មន្ត្រីជាន់ខ្ពស់ខ្លះមានមុខងារជាទីប្រឹក្សាខ្លះទៀតទទួលបន្ទុកធំៗនៅក្នុងវាំងឬកាន់ទ័ពនិងឈរត្រួតនៅតាម ខេត្ត ខណ្ឌ ឯមន្ត្រីជាន់ទាបត្រូវបានជ្រើសរើសដោយមន្ត្រីជាន់ខ្ពស់ហើយមាននាទីនៅបំរើពួកនេះ។ សញ្ញាសក្ដិគេសំគាល់ដោយប្រភេទគ្រែស្នែង (មាសឬប្រាក់) និងចំនួនក្លស់ (ដងមាសឬដងប្រាក់)។
រដ្ឋបាលភូមិភាគ
[កែប្រែ]នៅក្នុងរដ្ឋបាលភូមិភាគ គេឃើញមានមន្ត្រីច្រើនជាន់ច្រើនថ្នាក់ទៀតគឺមានតាំងពីអធិការ (អាជ្ញាហ្លួង?) ចៅហ្វាយខេត្ត មេស្រុក មេភូមិ មេឃ្លាំង មេខ្នង (?) មេត្រួត (មេការ?)។ល។ ស្ត្រីក៏មានមុខងារសំខាន់ណាស់ដែរ: ខ្លះធ្វើជាហោរា ខ្លះទៀតធ្វើជាចៅក្រមក្នុងរាជវាំង។ ចំពោះការធ្វើសច្ចាប្រណិធានរបស់មន្ត្រី ថាស្មោះត្រង់ចំពោះព្រះមហាក្សត្រនោះ គេមិនដឹងថានេះជាវិធានការទូទៅឬគ្រាន់តែជាមធ្យោបាយសំរាប់ចងភ្ជាប់មន្ត្រីទៅនឹងព្រះរាជាកាលណាឡើងសោយរាជ្យមិនស្របច្បាប់?[២៣]
វប្បធម៌ និង សង្គម
[កែប្រែ]គេអាចដឹងអំពីខ្មែរបុរាណតាមរយៈសិលាចារឹកជាច្រើន និងកំណត់ត្រារបស់ ជីវ-តាក្វាន់។ ខ្មែរបុរាណពឹងផ្អែកយ៉ាងខ្លាំងទៅលើកសិកម្មដាំស្រូវ។ ប្រជាកសិករដាំដុះស្រូវនៅតាមដងបឹងទន្លេសាបនិងនៅតាមទីទួលនានាពេលដែលមានទឹកជំនន់។ ស្រែចំការស្រោចស្រពដោយទឹកបានពីបារាយណ៍ អាងស្ដុកទឹកធំៗនិងអូរប្រឡាយផងដែរ។ នៅតាមភូមិមានដាំដើមត្នោត ដើមឈើហូបផ្លែ និងបន្លែបង្ការផងដែរ។ ត្រីជាប្រភពប្រូតេអ៊ីនចំបងគេ។ ប្រជាជនកែច្នៃត្រីជាប្រហុក ឬអាំង ដុត ចំហុយត្រីដោយខ្ចប់នឹងស្លឹកចេក។ ស្រូវអង្ករ ជាប្រភពអាហារចំបងផងដែរ។ គេចិញ្ចឹមគោក្របី ជ្រូក មាន់ទានៅក្រោមផ្ទះ ព្រោះផ្ទះគេច្រើនសង់ជាជើងសសរខ្ពស់ៗដើម្បីការពារទឹកជំនន់។ ផ្ទះរបស់កសិករសង់នៅក្បែរវាលស្រែតាមជាយក្រុង ជញ្ជាំងផ្ទះធ្វើពីឫស្សីត្បាញ ដំបូលប្រក់ស្បូវ និងមានជើងសសរ។ ផ្ទះត្រូវបានចែកជា ៣ ផ្នែកដោយជញ្ជាំងឬស្សីត្បាញ ដោយមួយផ្នែកជាបន្ទប់ឪពុកម្ដាយ មួយផ្នែកជាបន្ទប់កូនស្រី និងមួយផ្នែកធំជាងគេជាបន្ទប់ទទួលភ្ញៀវ។ កូនប្រុសគ្មានបន្ទប់ផ្ទាល់ខ្លួនទេ ហេតុនេះគេត្រូវដេកនៅកន្លែងណាដែលខ្លួនរកបាន។ ផ្ទះបាយស្ថិតនៅផ្នែកខាងក្រោយផ្ទះឬក៏នៅក្នុងបន្ទប់មួយដាច់ដោយឡែក។ ព្រះមហាក្សត្រនិងពួកអភិជនរស់នៅក្នុងវាំងនិងគេហដ្ឋានធំៗនៅទីក្រុង។ វាំងឬគេហដ្ឋានទាំងនោះធ្វើឡើងពីសារធាតុដូចគ្នានឹងផ្ទះប្រជាជនសាមញ្ញដែរ តែខុសត្រង់ថាគេប្រើក្បឿងធ្វើអំពីឈើ និងមានលំអដោយក្បាច់ប្រណិតៗ ព្រមទាំងមានបន្ទប់ច្រើន។ ប្រជារាស្ត្រសាមញ្ញស្លៀកសំពត់ដែលចុងខាងមុខត្រូវទាញនៅចន្លោះជើងទាំងពីរនិងចងភ្ជាប់ទៅក្រោយដោយខ្សែក្រវាត់។ ពួកអភិជននិងព្រះមហាក្សត្រស្លៀកពាក់សាច់កំណាត់ល្អៗប្រណិតថ្លៃៗ។ ស្ត្រីៗពាក់ចំរៀកកំណាត់ដើម្បីដណ្ដប់ដើមទ្រូង រីឯស្ត្រីអភិជនមានកំណាត់វែងដែលគ្របដល់ស្មា។ បុរស និងស្ត្រីបង់ក្រមា។ សាសនាសំខាន់គឺព្រហ្មញ្ញសាសនា បន្ទាប់មកសាសនាព្រះពុទ្ធក៏មានប្រជាប្រិយភាពដែរ។ ព្រះវិស្ណុ និង ព្រះសិវគឺជាពួកទេវៈដែលគេនិយម។
សាសនា និង លទ្ធិផ្សេងៗ
[កែប្រែ]សាសនា
[កែប្រែ]នៅសម័យអង្គរ សាសនាមានមុខងារយ៉ាងសំខាន់ក្នុងនយោបាយប៉ុន្តែសាសនា នៃវណ្ណៈអ្នកដឹកនាំពុំដែលមានឯកភាពទេ គឺតែងតែផ្លាស់ប្ដូរទៅតាមចំណូលចិត្តរបស់បុគ្គលម្នាក់ៗ: ព្រះរាជាខ្លះកាន់សាសនាឥសូរ ព្រះរាជាខ្លះកាន់សាសនាព្រះវិស្ណុ ព្រះរាជាខ្លះកាន់សាសនាព្រះព្រហ្មនិងខ្លះទៀតកាន់ព្រះពុទ្ធសាសនា។ ចំពោះហេតុការណ៍បែបនេះ លោកស៊ីលវែង-ឡឺវី ថាគឺកើតមកពីរចនាសម្ព័ន្ធនៃសង្គមខ្មែរតែម្ដង។ យ៉ាងណាមិញ នៅសម័យនោះសាសនាត្រូវគេចាត់ទុកដូចទំនិញដែលគេចាត់ទុកដូចទំនិញដែលគេនាំចូលឬជាវប្បធម៌ថ្លៃថ្នូរសំរាប់តែព្រះរាជានិងពួកអភិជន ហើយមិនសូវជ្រួតជ្រាបចូលក្នុងស្រទាប់ទាបៗនៃ សង្គមដែលនៅតែថែរក្សាជំនឿលើអារក្សអ្នកតាជាដើម។ លោកជីវ-តាក្វាន់កាលមកស្រុកខ្មែរបានសង្កេតឃើញថាមានមនុស្សគោរពដុំថ្មដែលលោកប៉ូល-ប៉េលល្យ៉ូត ស្មានថា ជាលិង្គព្រះឥសូរតែតាមការពិតគឺថ្មអ្នកតានេះឯង។ ពីស.វ.ទី៩ដល់១១ គណៈសិវនិយមមានឧត្តមភាពលើគណៈឯទៀតៗ ព្រោះព្រះរាជាភាគច្រើនបានចាត់ទុកថាជាសាសនាសំរាប់រដ្ឋដោយការប្រារព្ធធ្វើពិធីទេវរាជព្រះរាជាមានឋានៈស្មើអាទិទេព (ព្រះឥសូរ) ហើយមានសិវលិង្គជាតំណាងតំកល់ក្នុងប្រាសាទភ្នំ។ ប៉ុន្តែក្នុងរយៈពេលខាងលើនេះគេបានសង្កេតឃើញថា ព្រះរាជាទាំងឡាយតែងបានយកព្រះហឫទ័យទុកដាក់ និងជួយឧបត្ថម្ភចំពោះសាសនាឯទៀតដែលបានរួមរស់ជាមួយគ្នាយ៉ាងសុខដុមរមនា (Syncretisme religieux) ដែលមានសិលាចារឹកនិងរូបបដិមាអាចបញ្ជាក់បានយ៉ាងបរិបូណ៌លើកលែងតែក្នុងរជ្ជកាលរបស់ព្រះបាទឧទយាទិត្យវម៌្មទី២ដែលមានការបះបោរបីលើក ហើយដែលគេឃើញពួកបះបោរដើរវាយកំទេចសិវលិង្គនិងទេវបដិមាចោល។ នៅសតវត្សទី១២ គណៈវិស្ណុនិយមត្រូវបានព្រះបាទសូរ្យវម៌្មទី២ គោរពរាប់អានសំបើមដូចមានប្រាសាទអង្គរវត្តជាសក្ខីភាពស្រាប់។ អង្គរវត្តមានទ្រង់ទ្រាយជាប្រាសាទភ្នំដដែល ប៉ុន្តែគឺសំរាប់តំកល់វិស្ណុបដិមាទៅវិញរីឯក្បាច់រចនាក៏សុទ្ធតែទៅតាមបែបវិស្ណុនិយមទាំងអស់ (រូបចំលាក់ រឿងរាមកេរ្តិ៍ រឿងមហាភារតៈ រឿងកូរសមុទ្រទឹកដោះ។ល។)។ ហេតុបានជាដូច្នេះ ព្រោះក្នុងពេលជាមួយគ្នានៅក្នុងប្រទេសឯទៀតក៏មានការនិយមគោរពព្រះវិស្ណុនេះដូចគ្នាដែរ។ តពីនេះទៅ គេឃើញថាពុទ្ធសាសនាមហាយានដែលបាននាំចូលមកតាំងពីសម័យកម្វុជ (ស.វ.ទី៨) ហើយដែលបានព្រះបាទសូរ្យវម៌្មទី១កាន់ម្ដងរួចហើយ (ស.វ.ទី១១) ត្រូវបានព្រះរាជាលើកតំកើងជាសាសនាសំរាប់រដ្ឋតែម្ដង ជាពិសេសក្នុងរជ្ជកាលរបស់ព្រះបាទជយវម៌្មទី៨។ ប្រាសាទបាយ័នដែលព្រះអង្គសាងឡើងនៅមានទ្រង់ទ្រាយជាប្រាសាទភ្នំ ហើយស្ថិតនៅកណ្ដាលរាជធានីដដែល តែរូបតំណាងព្រះរាជាគឺជាពុទ្ធបដិមាទៅវិញ (ពុទ្ធរាជ)។ ហេតុអ្វីបានជាមានការប្រែប្រួលយ៉ាងនេះ? ត្រង់នេះគួរគប្បីជ្រាបថា ការវាយយកបានក្រុងអង្គរដោយទ័ពចាមនៅគ.ស ១១៧៧ ហើយជាលើកទី១ផងនោះជាអន្លូងមួយយ៉ាងធ្ងន់វាយទៅលើលទ្ធិទេវរាជ។ ប្រជារាស្ត្រទំនងជាចង់លែងជឿទៅលើប្រសិទ្ធភាពនៃលទ្ធិនេះទៀតហើយ ក៏ប៉ុន្តែពួកព្រាហ្មណ៍ជាបរិវារនៅមានឥទ្ធិពលខ្លាំងក្លាណាស់នៅឡើយ ទើបព្រះបាទជយវម៌្មទី៨ទ្រង់ឈ្វេងយល់ថាត្រូវតែរក្សាទុករបស់ចាស់ខ្លះ (មិនអាចកំចាត់ចោលភ្លាមៗបានទេ) ហើយយករបស់ថ្មីខ្លះមកប្រើដើម្បីអោយមានសង្ឃឹមដល់ប្រជារាស្ត្រដោយផ្សំធាតុសិវនិយមខ្លះ (ប្រាសាទភ្នំ) និងពុទ្ធនិយមខ្លះ (ពុទ្ធរាជ)។ ដូច្នេះយើងឃើញថាពុទ្ធសាសនាមហាយានបានមកដល់ទាន់ពេលវេលា ដើម្បីស្រោចស្រង់ជាតិអោយមានពន្លឺឡើងវិញក្រោយព្រឹត្តិការណ៍ឆ្នាំ ១១៧៧។ ដែលព្រះបាទជយវម៌្មទី៨ ហ៊ានយកលទ្ធិនេះមកប្រើព្រោះពេលនោះពុទ្ធសាសនិកក៏មានកាន់តែច្រើនណាស់ហើយ ហើយម្យ៉ាងទៀតលទ្ធិនេះជាលទ្ធិបែបមនុស្សនិយម មានទំនោរទោរទៅរកជីវភាពប្រជារាស្ត្រទូទៅដូច រូបចំលាក់នៅលើជញ្ជាំងប្រាសាទបាយ័នជាសក្ខីភាពស្រាប់ ហើយដើម្បីបង្ហាញអោយឃើញនូវព្រះហឫទ័យមេត្តាករុណាចំពោះប្រាជារាស្ត្រនេះ ព្រះអង្គទ្រង់បានកសាងមន្ទីពេទ្យ ១០២ សំរាប់ជនទាំង៤វណ្ណៈចូលព្យាបាលជំងឺបានដូចៗគ្នា។ ទាំងនេះសអោយឃើញថា នៅចំពោះប្រជារាស្ត្រលទ្ធិពុទ្ធសាសនាមហាយានមានសមត្ថភាពមិនចាញ់លទ្ធិទេវរាជទេ គឺមានសមត្ថភាពការពារស្រោចស្រង់និងបំរើរាស្ត្របានដូចគ្នា។ តែអកុសល ការផ្លាស់ប្ដូរសាសនានៅតែមានបន្តទៅទៀត។ ព្រះបាទជយវម៌្មទី៩ត្រឡប់ទៅរកសិវនិយមវិញដែលជាហេតុបណ្ដាលអោយមានប្រតិកម្មយ៉ាងខ្លាំងក្លាពីពួកព្រាហ្មណ៍ប្រឆាំងនឹងពុទ្ធសាសនារហូតដល់មានការវាយកំទេច ឬកោសលុបព្រះពុទ្ធបដិមាចោល។ ស្ថានការណ៍បែបនេះទំនងជាមានសភាពរ៉ាំរ៉ៃរហូតដល់បដិវត្តន៍នាយត្រសក់ផ្អែមដែលបានយកពុទ្ធសាសនាហីនយានមកជំនួសជាស្ថាពររហូតមកដល់សព្វថ្ងៃនេះ។[២៤]
លទ្ធិបុគ្គលនិយម
[កែប្រែ]ពីស.វ.ទី៩ ដល់ស.វ.ទី១២ គេឃើញមានការកសាងរូបបដិមាជាច្រើននៃទេវ-ទេវីឬ ពោធិសត្វប៉ុន្តែរូបបដិមាទាំងនោះពុំមែនតំណាងទេវ-ទេវីឬពោធិសត្វចំៗទាំងអស់ទេ មួយភាគធំជាតំណាងព្រះរាជា រាជវង្សានុវង្ស រាជគ្រូឬជនដែលមានគុណចំពោះជាតិដែលគេលើកតំកើងអោយមានឋានៈស្មើទេវ-ទេវី ឬ ពោធិសត្វ។ ឈ្មោះនៃរូបបដិមាទាំងនោះសុទ្ធតែកើតឡើងដោយការផ្សំនាមផ្ទាល់នៃបុគ្គលដែលគេគោរពជាមួយនឹងនាមទេវ-ទេវីឬពោធិសត្វ។ គួរគប្បីសង្កេតថា លទ្ធិបុគ្គលនិយមនេះមានសភាពរុងរឿងយ៉ាងខ្លាំងនៅចុងស.វ.ទី១២។ យ៉ាងណាមិញ សិលាចារឹកភិមានកាសបាននិយាយថាព្រះនាងជយទេវីទី២ អគ្គមហេសីរបស់ព្រះបាទ ជយវម៌្មទី៨ បានសាងនៅគ្រប់ទិសទីនូវរូបបដិមានៃព្រះបិតា ព្រះមាតា បងប្អូនញាតិមិត្តដែលព្រះនាងបានស្គាល់ច្បាស់ឬគ្រាន់តែឮគេនិយាយប្រាប់។ ម្យ៉ាងទៀតក្រោយពីព្រះនាងចូលទិវង្គតទៅ បងស្រីរបស់ព្រះនាងនាមឥន្ទ្រទេវីទី២ បានសាងរូបបដិមារបស់ព្រះនាងយ៉ាងច្រើន របស់ព្រះរាជានិងរបស់ព្រះនាងផ្ទាល់នៅពាសពេញទីក្រុង។
សេដ្ឋកិច្ច និង សិល្បៈ
[កែប្រែ]លទ្ធិទេវរាជបានផ្ដល់អោយព្រះរាជានូវឋានៈអាទិទេព ប៉ុន្តែអាទិទេពនេះមិនមែនស្ថិតដាច់ពីមនុស្សលោកទេ ព្រះអង្គនៅជាមួយមនុស្សហើយមានការមើលសុខទុក្ខរបស់ប្រជារាស្ត្រថែមទៀតផង។ ដូច្នេះដើម្បីបង្ហាញអោយឃើញថាព្រះអង្គមានមហិទ្ធិរឹទ្ធិខ្លាំងពូកែសមឋានៈជាអាទិទេពមែននោះព្រះអង្គត្រូវខិតខំធ្វើយ៉ាងណាអោយប្រជារាស្ត្របានស្គាល់នូវភាពសំបូរសប្បាយរុងរឿងយ៉ាងពិតប្រាកដ។ ដោយហេតុនោះ ព្រះអង្គត្រូវធ្វើយ៉ាងណាអោយកសិកម្មលូតលាស់ជាអតិបរិមា គឺត្រូវធ្វើអោយមានទឹកបរិបូរមិនបាច់ពឹងពាក់ទៅលើទឹកភ្លៀងទៀត ដោយការកសាងបារាយណ៍ធំៗដែលមានសល់ខ្លះរហូតមកដល់សព្វថ្ងៃនេះផង។ កិច្ចការនេះ រាស្ត្របានរួបរួមគ្នាបំពេញដោយស្មោះស្ម័គ្រជាទីបំផុត ព្រោះមានជំនឿយ៉ាងមាំទៅលើលទ្ធិទេវរាជដែលមានប្រសិទ្ធភាពអាចធ្វើការបង្រួបបង្រួមជាតិផង រំដោះប្រទេសជាតិអោយរួចផុតពីបរទេសផង។ បើតាមលោកជីវ-តាក្វាន់ (ចូវ-តាគ័ន) ខ្មែរនៅសម័យនោះអាចធ្វើស្រែបាន ៣ ទៅ ៤ ដងក្នុងមួយឆ្នាំ។ លោកហ្រង់រី-ស្ទៀរលីង អ្នកឯកទេសជាតិស៊្វីសម្នាក់បានគន់គូរឃើញថា នៅលើផ្ទៃដី ១០០០ គ.ម ក្រឡានៅតំបន់អង្គរគេអាចផលិតស្រូវបានក្នុងមួយឆ្នាំប្រហែល ១៥០០០០ តោនដែលអាចចិញ្ចឹមប្រជាជនបានដល់ទៅ ៨០០០០០ នាក់ ហើយនៅសល់ ៤០% ទៀតអាចនាំយកទៅផ្ដល់អោយតំបន់ផ្សេងទៀត។ គឺការចំរើនលូតលាស់ខាងសេដ្ឋកិច្ចនេះហើយដែលអនុញ្ញាតអោយប្រជារាស្ត្រចូលរួមក្នុងការកសាងប្រាសាទតាមតំរូវការរបស់លទ្ធិទាំងពីរ គឺលទ្ធិទេវរាជនិងលទ្ធិបុគ្គលនិយម។ ដូច្នេះ ក្នុងស្ថាបត្យកម្មសម័យនោះគេសង្កេតឃើញមានប្រាសាទពីរបែប៖
- ១.ប្រាសាទភ្នំជាប្រាសាទសង់លើខឿនច្រើនជាន់សំរាប់លទ្ធិទេវរាជ (បាគង បាខែង បក្សីចាំក្រុង ប្រាសាទធំ មេបុណ្យខាងកើត ប្រែរូប តាកែវ បាពួន អង្គរវត្ត បាយ័ន)។
- ២.ប្រាសាទសង់ទាបនឹងដីជាប្រាសាទសំរាប់លទ្ធិបុគ្គលនិយម (ព្រះគោ លលៃ បន្ទាយឆ្មារ ព្រះខាន់ តាព្រហ្ម ។ល។)។ ម្យ៉ាងទៀតគេបានសង្កេតឃើញថាពីរាជមួយទៅរាជមួយទៀតប្រាសាទមានទំហំកាន់តែធំឡើង ហើយកាន់តែច្រើនឡើង។ ត្រង់នេះបង្ហាញអោយឃើញថា ព្រះរាជាអង្គរហាក់ដូចជាបានប្រណាំងប្រជែងក្នុងការលើកកិត្យានុភាពរបស់ព្រះអង្គ។ ចំពោះប្រាសាទដូចបានរៀបរាប់រួចមកហើយនេះ ពុំមែនមានត្រឹមតែការកសាងហើយចប់នោះទេ គឺប្រជារាស្ត្រមានការផ្គត់ផ្គង់នូវគ្រឿងប្រដាប់ប្រើប្រាស់និងដង្វាយផ្សេងៗនិងមានភារៈត្រូវទៅនៅបំរើនិងថែរក្សាប្រាសាទទាំងនោះថែមទៀត។ ឧទាហរណ៍: ដូចជាប្រាសាទតាព្រហ្មកសាងឡើងនៅឆ្នាំ ១១៨៦ ដោយព្រះបាទជយវម៌្មទី៨សំរាប់ឧទ្ទិសចំពោះវិញ្ញាណក្ខន្ធនៃព្រះមាតានិងព្រះគ្រូនិងបដិមារូបឯទៀតចំនួន ២៦០ មានភូមិចំណុះ ៣១៤០ ភូមិ (សំរាប់ផ្គត់ផ្គង់ប្រដាប់ប្រើប្រាស់ និងដង្វាយផ្សេងៗ) មានមនុស្សនៅចាំបំរើថែរក្សា ៧៩៣៦៥ នាក់ (ក្នុងចំណោមនេះមាន ១២៦៤០ នាក់ ស្ថិតនៅក្នុងបរិវេណប្រាសាទជានិច្ច)។ គ្រឿងប្រដាប់ប្រើប្រាស់ជាដង្វាយមាន: ចានមាសទំងន់ជាង ៥ តោន ចានប្រាក់មួយទំងន់ដូចគ្នា ពេជ្រទាំងគ្រាប់ធំ ៣៥ គ្រាប់ ត្បូងមុក្ដារ ៤០៦២០ គ្រាប់ ត្បូងយ៉ាងល្អ ៤៥៤០ គ្រាប់ ផ្តិលមាសធំមួយ រនាំងស្រុកចិន ៩៦៧ គ្រែធ្វើដោយសំពត់ល្អ ៥១២ ក្លស់ ៥២៣។ ចំពោះស្បៀងអាហារមាន: អង្ករ ស្ករ ទឹកដោះគោ ប្រេង ទឹកឃ្មុំ ក្រមួន ខ្លឹមចន្ទន៍ កប៌ូរ គ្រឿងចីវរ។ នេះចំពោះប្រាសាទតែមួយផង ឃើញថាការប្រើប្រាស់កំលាំងមនុស្ស និងទ្រព្យសម្បត្តិអស់យ៉ាងសន្ធឹកសន្ធាប់ទៅហើយ ចុះបើខ្មែរយើងមានប្រាសាទដល់ទៅរាប់ពាន់ តើតំរូវការទាំងខាងកំលាំងមនុស្សទាំងខាងទ្រព្យសម្បត្តិមានដល់ប៉ុន្មាន? ចំពោះបញ្ហានេះប្រវត្តិវិទូជាច្រើនបានចាត់ទុកថា ការកសាងប្រាសាទរួម និងចំបាំងដ៏វែងឆ្ងាយ (សូរ្យវម៌្មទី២វាយយួនផង ចាមផង មនផង) ជាកត្តាមួយនៃការធ្លាក់ចុះនៃអរិយធម៌អង្គរនេះឯង។[២៥]
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ស្ថាបត្យកម្មខ្មែរ |
ទំនាក់ទំនងជាមួយមហាអំណាចតំបន់
[កែប្រែ]កំឡុងពេលបង្កើតចក្រភពនេះ ខ្មែរបានបិទខ្ទប់ទំនាក់ទំនងវប្បធម៌ នយោបាយ និង ពាណិជ្ជកម្មជាមួយ ជ្វា[២៦] និងក្រោយមកជាមួយចក្រភពស្រីវិជយដែលតាំងនៅខាងក្រៅសមុទ្រខ្មែរខាងត្បូង។ ព្រះមហាក្សត្រខ្មែរបានបង្កើតទំនាក់ទំនងជាមួយរាជវង្សចោលរបស់ឥណ្ឌាខាងត្បូង[២៧] និងចិនផងដែរ។ ចក្រភពនេះក៏បានជាប់ដៃនឹងសង្គ្រាមជាតំណគ្នានិងរដ្ឋសត្រូវដោយមាននគរជិតខាង ចាម្ប៉ា តម្ព្រលិង្គ មហាវៀត សុខោទ័យ និង អយុធ្យា។
ពួកស្មេរអារ៉ាប់នៅសតវត្សទី៩ និងទី១០ កំរវែកញែកអឺរ៉ុបក្រៅពីអ្វីដែលជាភាពអន់ថយរបស់អឺរ៉ុបណាស់ ប៉ុន្តែពួកគេក៏បានចាត់ទុកក្សត្រនៃអាល់ហិណ្ឌ (ឥណ្ឌា និង អាស៊ីអាគ្នេយ៍) ជាស្ដេចមួយអង្គក្នុងចំណោមស្ដេចធំទាំងបួនក្នុងលោក។[២៨] ព្រះមហាក្សត្រនៃរាជវង្សរាឝ្ដ្រកូដត្រូវបានពិពណ៌នាជាក្សត្រអាល់ហិណ្ឌធំបំផុត ប៉ុន្តែរាប់ទាំងក្សត្រតូចៗនៃអាល់ហិណ្ឌរួមមានពួកក្សត្រនៃ ជ្វា បាកាន និង ពួកក្សត្រខ្មែរនៅកម្វុជទេឝត្រូវបានពិពណ៌នាមិនឈប់ឈរដោយពួកអារ៉ាប់ថាជាក្សត្រប្រកបដោយមហាឫទ្ធានុភាព និង បំពាក់ដោយកងទ័ពមនុស្ស សេះ យ៉ាងក្រាស់ក្រែល និងដំរីរាប់ម៉ឺន។ ក្សត្រទាំងអំបាលម៉ាននោះត្រូវបានស្គាល់ដោយសារតែមានភោគទ្រព្យជាមាស និងប្រាក់យ៉ាងច្រើនក្រៃលែង។[២៩]
ថែវរូបប្រាសាទ
[កែប្រែ]ប្រាសាទសម័យអង្គរនៅកម្ពុជា
[កែប្រែ]ប្រាសាទសម័យអង្គរនៅប្រទេសថៃ
[កែប្រែ]ប្រាសាទសម័យអង្គរនៅលាវ
[កែប្រែ]បញ្ជីព្រះមហាក្សត្រគ្រងរាជ្យនៅសម័យមហានគរ
[កែប្រែ]លេខរៀង | ព្រះមហាក្សត្រ | ព្រះនាមផ្ទាល់ | រជ្ជកាល | |
១ | ជយវម៌្មទី៣ | មិនស្គាល់ | ៨០២-៨៥០ | |
២ | ជយវម៌្មទី៤ | មិនស្គាល់ | ៨៥០-៨៧៧ | |
៣ | រុទ្រវម៌្មទី២ | ឥន្ទ្រវម៌្ម | ?-? | |
៤ | ប្ឫថិវេន្ទ្រវម៌្ម | ឥន្ទ្រវម៌្ម | ?-? | |
៥ | ឥន្ទ្រវម៌្មទី១ | ឥន្ទ្រវម៌្ម | ៨៧៧-៨៨៩ | |
៦ | យឝោវម៌្មទី១ | យឝោវធ៌ន | ៨៨៩ | |
៧ | ហឝ៌វម៌្មទី២ | ហឝ៌វម៌្ម | ៨៨៩-៩២៥ | |
៨ | ឦឝានវម៌្មទី២ | ឦឝានវម៌្ម | ៩២៥-៩២៨ | |
៩ | ជយវម៌្មទី៥ | ជយវម៌្ម | ៩២៥-៩៤១ | |
១០ | ហឝ៌វម៌្មទី៣ | ហឝ៌វម៌្ម | ៩៤១-៩៤៤ | |
១១ | រាជេន្ទ្រវម៌្មទី២ | រាជេន្ទ្រវម៌្ម | ៩៤៤-៩៦៨ | |
១២ | ជយវម៌្មទី៦ | ជយវម៌្ម | ៩៦៨-១០០១ | |
១៣ | ឧទយាទិត្យវម៌្មទី១ | ឧទយាទិត្យវម៌្ម | ១០០១-១០០២ | |
១៤ | ជយវីរវម៌្ម | ជយវីរវម៌្ម | ១០០២-១០០៨ | |
១៥ | សូយ៌្យវម៌្មទី១ | សូយ៌្យវម៌្ម | ១០០២-១០៥០ | |
១៦ | ឧទយាទិត្យវម៌្មទី២ | ឧទយាទិត្យវម៌្ម | ១០៥០-១០៦៦ | |
១៧ | ហឝ៌វម៌្មទី៤ | ហឝ៌វម៌្ម | ១០៦៦-១០៨៥ | |
១៨ | ន្ឫបតេន្ទ្រវម៌្មទី២ | ន្ឫបតេន្ទ្រវម៌្ម | ១០៨៥-១១១៣ | |
១៩ | ជយវម៌្មទី៧ | ជយវម៌្ម | ១០៨០-១១០៧ | |
២០ | យុវរាជទី២ | មិនស្គាល់ | ១១០៧-? | |
២១ | ធរណេន្ទ្រវម៌្មទី២ | ធរណេន្ទ្រវម៌្ម | ១១០៧-១១១៣ | |
២២ | សូយ៌្យវម៌្មទី២ | សូយ៌្យវម៌្ម | ១១១៣-១១៥០ | |
២៣ | ហឝ៌វម៌្មទី៥ | ធរណេន្ទ្រវម៌្ម | ១១៥០-១១៥១ | |
២៤ | ធរណេន្ទ្រវម៌្មទី៣ | ធរណេន្ទ្រវម៌្ម | ១១៥១-១១៦? | |
២៥ | យឝោវម៌្មទី២ | យឝោវម៌្ម | ១១៦?-១១៦៥ | |
២៦ | ត្រិភុវនាទិត្យវម៌្ម | ត្រិភុវនាទិត្យវម៌្ម | ១១៦៥-១១៧៧ | |
ការលុកលុយរបស់ចាម: ១១៧៧-១១៨១ | ||||
២៧ | ជយវម៌្មទី៨ | ជយវធ៌ន | ១១៨១-១២១៨ | |
២៨ | ឥន្ទ្រវម៌្មទី២ | ឥន្ទ្រវម៌្ម | ១២២០-១២៤៣ | |
សៀមបានបង្កើតនៅឆ្នាំ១២៣៨កំឡុងរជ្ជកាលនៃឥន្ទ្រវម៌្មដោយ ពុកឃុន ស្រីឥន្ទ្រាទិត្យនៅសុខោទ័យ មួយក្នុងចំណោមខេត្តខ្មែរ ។ | ||||
២៩ | ជយវម៌្មទី៩ | ជយវម៌្ម | ១២៤៣-១២៩៥ | |
៣០ | ស្រេន្ទ្រវម៌្មទី២ | ឥន្ទ្រវរម៌្មទី៣ | ១២៩៥-១៣០៨ | |
៣១ | ស្រេន្ទ្រជយវម៌្ម | ឝ្រីជយវម៌្ម | ១៣០៨-១៣២៧ | |
៣២ | ជយវម៌្មទី១០ | សីហនុរាជ | ១៣២៧-១៣៣? | |
៣៣ | អង្គជ័យ | ពញាជ័យ | ១៣៣៦-១៣៤០ | |
៣៤ | និព្វានបាទ | និព្វានចក្រ | ១៣៤០-១៣៤៦ | |
៣៥ | សិទ្ធានរាជា | ១៣៤៦-១៣៤៧ | ||
៣៦ | លំពង្សរាជា | លំពង្សរាជា | ១៣៤៧-១៣៥៣ | |
ការលុកលុយរបស់សៀម: ១៣៥២-១៣៥៧ | ||||
៣៧ | បាសាត | ១៣៥៣-១៣៥៥ | ||
៣៨ | បាអាត | ១៣៥៥-១៣៥៥ | ||
៣៩ | កំបង់ពិសី | ១៣៥៥-១៣៥៧ | ||
៤០ | ស្រីសុរិយោវង្ស រឺ ស្រីសុរិយោទ័យទី១ | ១៣៥៧-១៣៦៦ | ||
៤១ | បរមរាមាធិបតី | បរមរាមា | ១៣៦៦-១៣៧៣ | |
៤២ | ធម្មាសោករាជ រឺ បរមសោករាជ | ធម្មាសោក | ១៣៧៣-១៣៩៤ | |
ការលុកលុយរបស់សៀម: ១៣៩៤ (៥ខែ) ។ | ||||
៤៣ | ឥន្ទរាជា | ពញាព្រែក | ១៣៩៤-១៤០១ | |
៤៤ | ស្រីសុរិយោពណ៌ទី២ រឺ បរមរាជាទី២ | ពញាយ៉ាត | ១៤០១-១៤៦៣ |
សូមមើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ infopleace
- ↑ Keyes, 1995, pp.78-82
- ↑ ដាមៀន-អ៊ីវែន្ស៍, និង អ្ន. (២០០៩-០៤-០៩). "ផែនទីបុរាណវិទ្យាយល់ដឹងអំពីសំណង់លំនៅបុរេឧស្សាហកម្មធំបំផុតរបស់ពិភពលោកនៅអង្គរ កម្ពុជា". PNAS ១០៤ (៣៦): ១៤២៧៧. DOI:10.1073/pnas.0702525104. Retrieved on ២០០៩-១១-២២.
- ↑ Languages empire.asp Thai websites web page[តំណភ្ជាប់ខូច]
- ↑ India and Khmer cambodiaDuring the Ancien Regime: Essays by P. J. Marshall, Robert Van Niel
- ↑ India and khmercambodia During the Ancien Regime: Essays by P. J. Marshall, Robert Van Niel: p.41
- ↑ David Chandler, A History of Cambodia (Westview Press: Boulder, Colorado, 2008) p. 39.
- ↑ សឺដេស, ហ្សក (១៩៨៦). វ៉លថឺ-ផ្វ.-វេល្លា. រៀ. រដ្ឋឥណ្ឌូបនីយកម្មនានានៃអាស៊ីអាគ្នេយ៍. ធ្រែន្ស៍.ស៊ូសាន-ប្រោន-ខោវិង. សារព័ត៌មាន i សកលវិទ្យាល័យហាវ៉ៃ. ល.ស.ប.អ. 9780824803681.
- ↑ ហ្សាក់, ខ្លូដ (១៩៧២). "La carrière de Jayavarman II". ប៊ីភ្វីអូ ៥៩: ២០៥–២២០. ISSN 0336-1519.
- ↑ Vickery, 1998
- ↑ Higham, 2001, pp.53-59
- ↑ ហ្សាក់-ឌុយមែរសាយ; និង អ្ន. (២០០១). ស្ថាបត្យកម្ម សតវត្សទីប្រាំបីដល់ទីដប់បី. ប៊្រិល្ល. ល.ស.ប.អ. 9004113460. ទទ.៤៤-៤៧
- ↑ David Chandler, A History of Cambodia, p. 42.
- ↑ A History of India Hermann Kulke, Dietmar Rothermund: p.125
- ↑ លោកបណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរសិលាចារឹកនិងឯកសារចិនទំព័រ២២៣-២២៥
- ↑ លោកបណ្ឌិតសុភាចារ្យ រស់ ចន្ទ្រាបុត្រ ប្រវត្តិសាស្ត្រខ្មែរភាគសិលាចារឹកនិងឯកសារចិនទំ.២២៤-២២៥
- ↑ ១៧,០ ១៧,១ សឺដេស ១៩៦៦, ទ. ១២៧
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១០៨
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរ ទំ.១០៨-១០៩
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំ.១០៩-១១០
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១១
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១១
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១១-១១២
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រទំ.១១៣
- ↑ ត្រឹង ងារ ប្រវត្តិសាស្ត្រខ្មែរទំព័រ១១៥-១១៦
- ↑ Widyono, Benny (2008). Dancing in shadows: Sihanouk, the Khmer Rouge, and the United Nations in Cambodia. Rowman & Littlefield Publisher. http://books.google.co.id/books?id=mhkw4Psq0SQC&pg=PA56&lpg=PA56&dq=Angkor+Borobudur+Jayavarman+II+Java&source=bl&ots=abREpPSAuh&sig=BIdxrUZV_UHb1JX8LYQbal3Q0UE&hl=id&sa=X&ei=__RaT_mVDYXprQe2iom4BA&ved=0CDYQ6AEwAw#v=onepage&q=Angkor%20Borobudur%20Jayavarman%20II%20Java&f=false។ បានយកមក 25 February 2013.
- ↑ India: A History by John Keay p.223
- ↑ India and Indonesia During the Ancien Regime: Essays by P. J. Marshall, Robert Van Niel
- ↑ India and Indonesia During the Ancien Regime: Essays by P. J. Marshall, Robert Van Niel: p.41
គន្ថនិទ្ទេស
[កែប្រែ]- សឺដេស, ហ្សក (១៩៦៦), ការបង្កើតអាស៊ីអាគ្នេយ៍, សារព័ត៌មានសកលវិទ្យាល័យកាលីផ្វញ៉ា, ល.ស.ប.អ. 0520050614, http://books.google.com/books?id=qgrAFlAC4-QC
- ភ្វ្រីមែន, ម៉ាយឃើល; ហ្សាក់, ខ្លូដ (២០០៦). អង្គរបុរាណ. សៀវភៅទន្លេ. ល.ស.ប.អ. 9748225275.
- ហ៊ីហ្កហ៊ែម, ឆាលឡេះ (២០០១). អរិយធម៌អង្គរ. ហង្ស. ល.ស.ប.អ. 978-1842125847.
- វិតថូរៀ-រ៉ូវិដា: ទេវកថាខ្មែរ សៀវភៅទន្លេ, ISBN 974-8225-37-2
- ប៊្រូណូ-ដេហ្កិនស៍ (engl: រូថ-ស្ឆារមែន): អង្គរ - បេះដូងនៃចក្រភពអាស៊ីមួយ, ថេមស៍ & ហាដ់សុន, ISBN 0-500-30054-2
- ខេយ៉េស, ឆាលឡេះ អ៊ែផ្វ (១៩៩៥). ទៀបកោះមាស. សារព័ត៌មានសកលវិទ្យាល័យហាវ៉ៃ. ល.ស.ប.អ. 978-0824816964. http://books.google.com/books?id=g3oajnKzUNEC.
- រូននី, ដាន អ៊ែផ្វ (២០០៥). អង្គរ: ប្រាសាទខ្មែរអច្ឆរិយៈរបស់ (ទី៥ រ.រ.). អូឌិស្សេ. ល.ស.ប.អ. 9789622177277.
- ដាវីដ ភី ឈែនដ្លឺរ: ប្រវត្តិសាស្ត្រមួយនៃកម្ពុជា, សារព័ត៌មានវ៉ិសវ្យូ, ISBN 0-8133-3511-6
- ជីវ-តាក្វាន់: ទំនៀមទម្លាប់កម្ពុជា, សង្គមសៀម, ISBN 974-8359-68-9
- ហង់ហ៊្រី-មូហុត: ការធ្វើដំណើរនៅសៀម កម្ពុជា លាវ និង អណ្ណាម, ក្រ.ផ្កាឈូកស, ចំកាត់., ISBN 974-8434-03-6
- វិខខឺរី, ម៉ាយឃើល (១៩៩៨). សង្គម សេដ្ឋកិច្ចវិទ្យា និង នយោបាយនៅកម្ពុជាបុរេអង្គរ: សតវត្សទី៧-៨. តូយ៉ូបាំងកូ. ល.ស.ប.អ. 978-4896561104.
- បិនចាមីន វ៉ខខឺរ, ចក្រភពអង្គរ: ប្រវត្តិសាស្ត្រខ្មែរនៃកម្ពុជា, សារព័ត៌មានស៊ិហ្គណិត ខាល់ឃូត្តា ១៩៩៥។
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: អាណាចក្រខ្មែរ |
តំណខាងក្រៅ
[កែប្រែ]- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូច
- អត្ថបទទាំងអស់ដែលមានតំណភ្ជាប់ក្រៅខូចពីតុលា 2022
- អត្ថបទដែលមានបរាមាត្រកាលបរិច្ឆេទអសុពលភាពក្នុងទំព័រគំរូ
- អត្ថបទទាំងអស់ជាមួយការថ្លែងគ្មានប្រភព
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែ មីនា ២០១០
- អត្ថបទជាមួយការថ្លែងគ្មានប្រភពពីខែមីនា ២០១០
- Coordinates on Wikidata
- ប្រវត្តិសាស្ត្រខ្មែរ
- អតីតចក្រភពអាស៊ី
- ចក្រភពហិណ្ឌូក្នុងប្រវត្តិសាស្ត្រ
- រាជាណាចក្រឥណ្ឌូបនីយកម្ម
- Pages using ISBN magic links